ចិន៖ យោងតាមទីបញ្ជាការយុទ្ធសាស្ត្រដែលពិនិត្យឃ្លាំងអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា អាមេរិកអាចនឹងលែងមានចំនួនលើសប្រទេសចិន នៅក្នុងសមាសធាតុមួយចំនួននៃកម្មវិធីមីស៊ីលបាលីស្ទីកអន្តរទ្វីបរបស់ខ្លួនទៀតហើយ។

កាលពីពេលថ្មីៗនេះទីបញ្ជាការ STRATCOM បានផ្ញើការកំណត់ដែលបានបែងចែកទៅកាន់សភា ដោយស្របទៅតាមខសន្យានៅក្នុងច្បាប់ស្តីពីការអនុញ្ញាតការពារជាតិឆ្នាំ២០២២ ដែលតម្រូវឱ្យមានការជូនដំណឹងសភា ប្រសិនបើប្រទេសចិនកើនលើសសហរដ្ឋអាមេរិក នៅក្នុងសមាសធាតុទាក់ទងនឹងការស្តុកមីស៊ីលបាលីស្ទីកអន្តរទ្វីប(ICBM) របស់ខ្លួន។ នៅក្រោមច្បាប់ទីបញ្ជាការ STRATCOM ត្រូវតែជូនដំណឹងដល់សភា ប្រសិនបើប្រទេសចិនដាក់ពង្រាយមីស៊ីលបាលីស្ទីកអន្តរទ្វីប (ICBMs) ឬឧបករណ៍បាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប ICBM ច្រើនជាងទិន្នន័យរបស់សហរដ្ឋអាមេរិកដែលចងក្រងដោយមន្ទីរបញ្ចកោណ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ប្រទេសចិន និងឯកសារអង្គភាពសេវាស្រាវជ្រាវសភាបង្ហាញថា សហរដ្ឋអាមេរិកនៅតែរក្សាចំនួនធៀបនឹងប្រទេសចិន ក្នុងចំនួនមីស៊ីលបាលីស្ទីកអន្តរទ្វីបដែលបានដាក់ពង្រាយ។
ចំណុចសំខាន់ទីបីនៃច្បាប់នេះត្រូវមានការជូនដំណឹង ប្រសិនបើប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែមទៀត បំពាក់នៅលើ ICBMs ច្រើនជាងសហរដ្ឋអាមេរិក។ របាយការណ៍កម្លាំងយោធារបស់ចិនប៉ាន់ប្រមាណថា ឃ្លាំងផ្ទុកនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំងបានកើនលើសពី ៤០០។ របាយការណ៍នេះបានរកឃើញថា ប្រទេសចិនទំនងជានឹងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ១,៥០០គ្រាប់ត្រឹមឆ្នាំ២០៣៥ ប្រសិនបើប្រទេសនេះបន្តក្នុងល្បឿននៃការពង្រីកបន្ថែមនុយក្លេអ៊ែរនាពេលបច្ចុប្បន្ន។ របាយការណ៍បានរកឃើញផងដែរថា ប្រទេសចិនបានបង្កើនការស្តុកទុកមីស៊ីលបាលីស្ទីកអន្តរទ្វីប (ICBM) របស់ខ្លួនទ្វេដងចាប់តាំងពីឆ្នាំ២០២០៕
អត្ថបទ៖ ប៊ុនថន