
ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ បានរៀប ចំពិធីបង្សុកូល និងរាប់បាត្រឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបខ្មែរក្រហមដែលបានស្លាប់បាត់បង់ជីវិត។ កិច្ចពិធីនេះ មានការចូលរួមពីឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក និងលោក ឃ្នុត រ៉ូហ្សិនហក អនុប្រធានការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក និងមានការចូលរួមពីជនរងគ្រោះក្នុងរបបខ្មែរក្រហមដែលជាដើមបណ្តឹងរដ្ឋប្បវេណី ព្រមទាំងមន្ត្រីបុគ្គលិកគ្រប់ជាន់ថ្នាក់នៃសាលាក្តីខ្មែរក្រហម។
ការរៀបចំកិច្ចពិធីនេះ បានធ្វើឱ្យជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្បវេណីពេញចិត្ត និងថ្លែងអំណរគុណចំពោះសាលាក្តីខ្មែរក្រហមដែលបានផ្តួចផ្តើម និងរៀបចំឡើង ដើម្បីអនុញ្ញាតឱ្យជនរងគ្រោះ និងមន្ត្រីបុគ្គលិកទាំងអស់ចូលរួមរំឭកវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅ។
ឯកឧត្តម ក្រាញ់ តូនី បានថ្លែងអំណរគុណចំពោះជនរងគ្រោះក្នុងរបបខ្មែរក្រហមទាំងអស់ដែលបានអ ញ្ជើញចូលរួមពិធីនេះដែលជាឱកាសមួយដ៏សំខាន់ក្នុងការធ្វើបុណ្យរួមគ្នាឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជនរងគ្រោះក្នុងដំណើរការនីតិវិធីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហមក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីដោយឯកឧត្តមគូសបញ្ជាក់ថា៖ «តួនាទីរបស់ដើមបណ្តឹងរដ្ឋប្បវេណីពិតជាមានសារៈសំខាន់ក្នុងដំណើរការស្វែងរកការពិត និងយុត្តិធម៌ចំពោះឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម»។
ពិធីរាប់បាត្រឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបខ្មែរក្រហមនេះ មានការនិមន្តព្រះសង្ឃចំនួន ៧៩ អង្គដែលតំណាងឱ្យថ្ងៃរំដោះ ៧ មករា ១៩៧៩។ ឯកឧត្តម ក្រាញ់ តូនី និងលោក ឃ្នុត រ៉ូហ្សិ នហក ក៏បានជួបសំណេះសំណាលជាមួយមន្ត្រីបុគ្គលិកនៃសាលាក្តីខ្មែរក្រហម និងបានថ្លែងអំណរគុ ណយ៉ាងជ្រៀលជ្រៅចំពោះការចូលរួមបម្រើការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវជូនសាលាក្តីខ្មែរក្រហមរយៈពេល ១៦ ឆ្នាំមកនេះ៕ដោយ៖ គង់ ឌិន







