UN៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា ២០២១ នេះត្រូវតែជាឆ្នាំវិធានការការពារមនុស្សប្រឆាំងនឹងផលប៉ះពាល់ដ៏គ្រោះថ្នាក់ នៃបម្រែបម្រួលអាកាសធាតុ។ UN ថ្លែងបែបនេះ មុនកិច្ចប្រជុំកំពូលសំខាន់រៀបចំឡើងដោយសហរដ្ឋអាមេរិក។

UN បានព្រមានថា ពេលវេលាអស់លឿនខ្លាំងណាស់ ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ ក្នុងនោះការរីករាលដាលឆ្លងសកលជំងឺ COVID-19 ធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរដល់បម្រែបម្រួលអាកាសធាតុ។ ការអំពាវនាវបែបនេះបានធ្វើឡើង ជាមួយនឹងរបាយការណ៍ប្រចាំឆ្នាំសំខាន់ មុនពេលដែលកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ គួរឲ្យដឹងថា មេដឹកនាំពិភពលោកចំនួន ៤០ ត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំតាមអនឡាញរបស់លោក បៃដិន ដែលមានគោលដៅបង្កើតកិច្ចខិតខំរបស់ប្រទេសមានឧស្សាហកម្មជឿនលឿន ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ។

ប្រមុខ UN លោក អង់តូនីញ៉ូ ហ្គូទែរ៉េស បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ពួកយើងកំពុងស្ថិតនៅមាត់ជ្រោះមរណៈ។ លោកបន្តថា នេះគឺជាឆ្នាំដ៏សំខាន់ពិតប្រាកដមួយសម្រាប់អនាគតមនុស្សជាតិ ហើយរបាយការណ៍បង្ហាញថា ពួកយើងគ្មានពេលត្រូវខ្ជះខ្ជាយ ឬបង្អាក់អាកាសធាតុនៅទីនេះទៀតនោះទេ។ មុនពេលបញ្ចេញរបាយការណ៍អាកាសធាតុឆ្នាំ២០២០ដែលរៀបចំឡើងដោយអង្គការឧតុនិយមពិភពលោករបស់ UN លោក ហ្គូទែរ៉េស បានជំរុញឲ្យប្រទេសទាំងអស់បញ្ឈប់ការធ្វើសង្គ្រាមជាមួយធម្មជាតិ៕
អត្ថបទ៖ សារ៉ាត់