
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅបណ្ណាល័យជាតិ បានប្រារព្ធពិធីសម្ពោធបើកកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ឆ្នាំ២០២២ ក្រោមប្រធានបទ«មួយថ្ងៃអាន មួយថ្ងៃដឹង» ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជា លើកទី៩ ឆ្នាំ២០២២ រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និង ក្រសួងអប់រំ យុវជន និងកីឡា។ ពិព័រណ៍សៀវភៅនៅឆ្នាំ២០២២នេះ មានស្តង់លក់សៀវភៅចំនួន ១៩៨ ស្តង់ ដោយប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ៧ : ០០ព្រឹកដល់ម៉ោង ៧ : ០០ យប់៕ដោយ៖ គង់ ឌិន




