
កំពង់ឆ្នាំង៖ ប្រជាកសិករចំនួន ១០០គ្រួសារនៅក្នុង៤ឃុំ បានចាប់ផ្តើមចិញ្ចឹមកង្កែបលក់ដើម្បីរកប្រាក់កំរ៉ៃបន្ថែម ក្រៅពីមុខរបរធ្វើស្រែចំការ និងមានការជួយផ្តល់ចំណេះជំនាញបទពិសោធន៍ ពីមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក្រោមការសហការគាំទ្រពីសហគមន៍អឺរ៉ុប។ ប្រជាកសិករមួយចំនួនធំបានទទួលជោគជ័យ ដោយបានផលកង្កែបយកទៅលក់នៅទីផ្សារ និងមួយចំនួនតូចកំពុងចាប់ភ្ញាស់កូនកង្កែប ដើម្បីចិញ្ចឹមបន្ត។
កសិករដែលបានចាប់យកមុខរបរចិញ្ចឹមកង្កែបម្នាក់ឈ្មោះ ឡឹង សុផល រស់នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានប្រាប់ថា ការចាប់ផ្តើមចិញ្ចឹមកង្កែបរបស់គាត់ គឺមានរយៈពេលជិត ៦ខែហើយ តែគាត់ចិញ្ចឹមបានចំនួន ២លើក ដែលលើកទី១គាត់ដាក់គូនចិញ្ចឹមប្រមាណជាង ៤០០កូនកង្កែប ដោយចិញ្ចឹមក្នុងរយៈពេល២ខែកន្លះ ទើបចាប់លក់។
ដោយឡែកនៅក្នុងទីផ្សារកង្កែបមិនទាន់ព្រលាត់ស្បែកចេញបានតម្លៃចាប់ពី៨ពាន់ទៅ១ម៉ឺនរៀលក្នុង១គីឡូក្រាម តែបើសិនគាត់ព្រលាត់ស្បែកចេញយកតែសាច់ បានតម្លៃចាប់ពី១ម៉ឺន៦ពាន់ទៅ១ម៉ឺន៨ពាន់រៀល។ ក្នុងការចិញ្ចឹមកង្កែបនេះ គឺងាយស្រួលបំផុត និងងាយស្រួលរកទីផ្សារទៀត ព្រោះថាការចិញ្ចឹមកង្កែបនេះ មិនទាន់តំរូវការទីផ្សារនៅឡើយទេ។
លោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ទទួលបន្ទុកផ្នែកវារីវប្បកម្មបានថ្លែងអោយដឹងថា រដ្ឋបាលជលផលដែលមានការគាំទ្រពីសហគមន៍អឺរ៉ុប បានកំណត់យកឃុំគោលដៅចំនួន៤ ក្នុងនោះ ២ឃុំនៅក្នុងស្រុករលាប្អៀរ និង២ឃុំទៀត នៅក្នុងស្រុកសាមគ្គីមានជ័យ ដើម្បីជ្រើសរើសកសិករស្ម័គចិត្ត ក៍ដូចជាកសិករគំរូចំនួន ១០០គ្រួសារ អោយពួកគាត់រៀនចិញ្ចឹមកង្កែបតាមបច្ចេកទេស។
ការចិញ្ចឹមកង្កែបតាមបច្ចេកទេស គឺចំណាយដើមទុនតិច ងាយស្រួលក្នុងការចិញ្ចឹម និងទទួលបានផលច្រើន តែក្នុងរយៈពេល២ខែកន្លះតែប៉ុណ្ណោះ កង្កែបអាចមានទម្ងន់ចាប់ពី២ខាំកន្លះ ទៅ៣ខាំ និងងាយស្រួលរកទីផ្សារផងដែរ ៕ អត្ថបទ៖ ហុង វាស្នា