កំពត៖ គម្រោងសាងសង់ទំនប់បង្ហៀរទឹកព្រែកកំចាយ ស្ថិតស្រុកទឹកឈូ ខេត្តកំពត បានចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។ គម្រោងរបស់រាជរដ្ឋាភិបាលដែលផ្តល់អត្ថប្រយោជន៍ពហុវិស័យមួយនេះ ប្រើប្រាស់ថវិកាជំនួយឧបត្ថម្ភពីក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ ប្រមាណជាង ២លានដុល្លារ ហើយការសាងសង់នឹងបញ្ចប់រួចរាល់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ទំនប់បង្ហៀរទឹកព្រែកំចាយ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងសាងសង់ទំនប់បង្ហៀរទឹកព្រែកកំចាយនេះ គឺផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ដោយបានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ ឯកត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដែលបានលើកឡើងនូវគម្រោងសាងសង់ទំនប់បង្ហៀរទឹកនេះ។
ឯកឧត្តមបានបន្តថា ក្រុមហ៊ុនគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយគ្រោងចំណាយថវិកាសាងសង់សរុប ២លាន១ម៉ឺនដុល្លារអាមេរិក។ ទំនប់បង្ហៀរនេះមានប្រយោជន៍ច្រើន អាចជួយទប់ទឹកប្រៃមិនឱ្យហូរចូលព្រែកដែលធ្វើឱ្យខូចទឹកសាប និងអាចរក្សាជាអាងស្តុកទឹកសាប ដែលអាចបូមប្រើប្រាស់បានប្រមាណ ១សែនម៉ែត្រត្រីគុណក្នុង១ថ្ងៃ និងអាចផ្គត់ផ្គង់ទឹក ២៤/២៤ម៉ោង។
អគ្គនាយកក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ លោក Wang Tiefeng បានបញ្ជាក់ថា សំណង់ទំនប់បង្ហៀរមានប្រវែង៧៧ម៉ែត្រ មានកម្ពស់ ១,៨ម៉ែត្រ ទទឹងខ្នងទំនប់១,៥ម៉ែត្រ ជើងទេរ៥ម៉ែត្រ ជញ្ជាំងការពារច្រាំង ប្រវែង៥២ម៉ែត្រ និងរបងការពារប្រវែង៥២ម៉ែត្រ ព្រមទាំងផ្លូវសម្រាប់មច្ឆាឆ្លងកាត់ដែលមានទំហំ ១.៨៤៨ម៉ែតការ៉េ។ ក្រោយការសាងសង់បញ្ចប់ ទំនប់បង្ហូរនេះនឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់៣យ៉ាង៖
(ទី១) អាចរក្សាជាអាងស្តុកទឹកសម្រាប់បូមប្រើប្រាស់ប្រមាណ១០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងអាចកាត់បន្ថយស្ថានភាពខ្វះខាតទឹកនៃខេត្តកំពត និងបង្កើនសក្កដានុពលនៃការអភិវឌ្ឍន៍ ក៏ដូចជាជំរុញកំណើនជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តកំពតសម្រាប់ថ្ងៃអនាគត ។
(ទី២) ផ្ដល់នូវផ្លូវចរាចរណ៍សម្រាប់មច្ឆជាតិ និងការពារប្រព័ន្ធអេកូឡូស៊ីបរិស្ថានក្នុងតំបន់។
(ទី៣) រចនាបទនទំនប់ អាចបន្ថែមនូវចំនុចទាក់ទាញផ្នែកទេសចរណ៍មួយថែមទៀតសម្រាប់ខេត្តកំពត៕
អត្ថបទ៖ អន សារឹម