ភ្នំពេញ៖ ដំណើរការកំណែសន្លឹកកិច្ចការ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលកំណែទាំង១០ បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ ដោយប្រធាន អនុប្រធានមណ្ឌល នៅតាមមណ្ឌលកំណែទាំងអស់ បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេស ជូនដល់ប្រធាន និងសមាជិកមុននឹងចាប់ផ្ដើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ០៥ ធ្នូ ២០២២។
ដំណើរការកំណែដែលបានចាប់ផ្ដើមនៅថ្ងៃនេះ បានធ្វើការបែងចែកសមាជិកបន្តជាក្រុមតូច និងធ្វើការណែនាំដល់សមាជិកទាំងអស់ ឲ្យបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ដោយមិនត្រូវយកភ្ជាប់មកជាមួយនូវទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែ ដើម្បីជៀសវាងបង្ហោះរាល់សំណៅកិច្ចការបេក្ខជន ឬអត្រាកំណែតាមបណ្ដាញសង្គម។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល ជាថ្ងៃប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕



