
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែរម្លឹកផ្តាំផ្ញើឱ្យប្រជាពលរដ្ឋកម្ពុជាបន្តរួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិភាព ដែលយើង រកបានទាំងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬ ក្រុមណាមួយមកបំផ្លាញ សន្តិភាពនៅក្នុងប្រទេសនេះទេ ទោះក្នុងតម្លៃណាក៏ដោយ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅតែបញ្ជាក់អំពីកត្តាសន្តិភាពជាអាទិភាព នៃការអភិវឌ្ឍលើគ្រប់វិស័យ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ថ្លែងបើកបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ ក្រោមប្រធានបទ៖ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម នៅខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១០ខែធ្នូនេះ។
សម្តេចតេជោបានថ្លែងថា៖ដូចដែលសម្តេចបានលើកឡើងនាឱកាសពិធីបើកមហាសន្និបាតព្រឹកមិញម្តងហើយថាយើងត្រូវ រក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលជាចំណុចធំជាងគេក្នុងចំណោមចំណុច ដែលទាក់ទងជាមួយការអភិវឌ្ឍ នៃបណ្តាប្រជាជាតិនៅលើសកលលោក។
សម្តេចបានបន្តថា នៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និង សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក, សម្តេចក៏សូមស្នើជាថ្មីម្ដងទៀតឱ្យអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំង ៤ រួម ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំង ៤ ត្រូវរួបរួមគ្នារក្សាឱ្យបាននូវកិត្តិនាមជា សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក និង ឱ្យស័ក្តិសមជាមួយ នឹងការទទួលបាននូវកិត្តិនាមជា “តារារះនាទិសនិរតី» ។
ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ឆ្នេរ, ការកសាង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យវិស័យទេសចរណ៍ និង ការតភ្ជាប់ពីតំបន់មួយទៅ តំបន់មួយ ទាំងការតភ្ជាប់តាមផ្លូវគោក និង តាមផ្លូវដែក និង តាមផ្លូវអាកាស ។ ត្រូវជំរុញការផលិត ដើម្បីផ្គត់ផ្គង់ដល់ទេសចរដែលជាទិសដៅ «នាំចេញនៅនឹងកន្លែង» ។ ប្រជាពលរដ្ឋរបស់យើងមានឱកាសច្រើនណាស់ ដើម្បីចិញ្ចឹម និង បំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រលប់មកកម្ពុជាវិញជាបណ្តើរៗ រួមជាមួយនឹងទេសចរក្នុងស្រុករាប់លាននាក់ផងដែរ ។ យើងត្រូវខិតខំជំរុញការផលិត ឱ្យត្រឹមត្រូវតាមស្តង់ដារបម្រើឱ្យវិស័យទេសចរណ៍, ពិសេសត្រូវបង្កើតឱ្យមានខ្សែក្រវាត់ បៃតងនៅក្នុងតំបន់ទេសចរណ៍ ។ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់ ។ សន្តិភាព ជាក្របខណ្ឌម៉ាក្រូ ឯបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម វាជាក្របខណ្ឌម៉ាក្រូផង និង មីក្រូផង ។ ក្នុងន័យនេះ, តំបន់ទេសចរណ៍ទាំងអស់មិនគ្រាន់តែខេត្តព្រះសីហនុ តែតាមបណ្តាខេត្តជាប់មាត់សមុទ្រ និង គ្រប់ទីកន្លែង ដែលមានភ្ញៀវទេសចរទៅ គឺ ត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ។
សម្តេចបានអំពាវនាវដល់ក្រសួង-ស្ថាប័ន្តែពាក់ព័ន្ធ, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ, បងប្អូនជនរួមជាតិទាំងអស់ និង វិស័យឯកជន ចូលរួមឱ្យ បានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យពិធីបុណ្យសមុទ្រនៅឆ្នាំនេះ ប្រកបដោយភាពជោគជ័យ និង ចូលរួមឱ្យកាន់តែសកម្មក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត, រមណីយដ្ឋានស្អាត, សេវាល្អ, បដិសណ្ឋារកិច្ចល្អ» និង សហការថែរក្សា សោភ័ណភាព, អនាម័យ និង បរិស្ថាន ដែលជាកត្តាចម្បងមិនអាចខ្វះបាន ក្នុង ការថែរក្សាតំបន់ឆ្នេរសមុទ្រឱ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅ ជំនាន់ក្រោយ ៕ អត្ថបទ៖ មុត សុទ្ធ

