ព្រះសីហនុ៖ គណៈប្រតិភូក្លឹមឆ្នេរសមុទ្រ ដែលស្អាតជាងគេលើពិភពលោកជាង ១០០នាក់ ចម្រុះជាតិសាសន៍ បានអញ្ជើញចូលរួមពិធីដាំដើមកូនកោងកាងជាង ៣.០០០ដើម ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ នៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។
ព្រៃកោងកាង គឺជាសម្ភពមច្ឆាជាតិ ជាជម្រកជីវៈចម្រុះ ដែលជាប្រយោជន៍មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ និងប្រជាសហគមន៍នេសាទនៅក្នុងតំបន់ អេកូទេសចរណ៍ ដែលមានសារៈប្រយោជន៍សម្រាប់បរិស្ថាន មនុស្សជាតិ និងជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ។ល។
ជាមួយនឹងសារៈប្រយោជន៍ព្រៃកោងកាង និងការដាំដើមឈើជាមួយនឹងគណៈប្រតិភូជាតិ និងអន្ដរជាតិ ដែលបានបង្ហាញពីកិច្ចសាមគ្គីគ្នាក្នុងការរួមគ្នាការពារបរិស្ថានធម្មជាតិ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ បានប្ដេជ្ញាចិត្ដម៉ឹងម៉ាតថែរក្សាការពារព្រៃកោងកាងនេះឱ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍រួមក្នុងសហគមន៍។
ជាមួយគ្នានោះ ភ្ញៀវបរទេស នៃគណៈប្រតិភូក្លឹមឆ្នេរសមុទ្រ ដែលស្អាតជាងគេលើពិភពលោក គឺបានបង្ហាញក្ដីរីករាយចំពោះការដាំដើមកូនកោងកាងនេះ ហើយលើកឡើងពីសារៈប្រយោជន៍ព្រៃកោងកាងនេះ ស្រដៀងទៅនឹងខ្លឹមសារឯកឧត្ដមអភិបាលខេត្ដព្រះសីហនុដែរ ។
សូមបញ្ជាក់ថា ខេត្ដព្រះសីហនុ មានព្រៃលិចទឹក និងព្រៃកោងកាងសរុបជាង ១ម៉ឺនហិកតា ហើយនៅសល់ទំហំជាង ៩ពាន់ហិកតា សម្រាប់ឆ្នាំ២០២០ ហើយក៏ត្រូវបានរងនូវការរិចរិលបាត់បង់ដោយសារការកាប់ទន្ទ្រានកាន់កាប់ដីធ្វើជាកម្មសិទ្ធិឯកជនខ្លះ និងដោយសារការអភិវឌ្ឍខ្លះ ទន្ទឹមនឹងនោះ មន្ទីរសាមី និងអាជ្ញាធរ ក៏បានធ្វើការដាំដើមកូនកោងកាងជួស ឬដាំស្ដារឡើងវិញមួយចំនួនផងដែរ ។ នេះជាការបញ្ជាក់បន្ថែមពី លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម៕ អត្ថបទ៖ គង់ ប៊ុនថា