ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្ស ៤៣១នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ដែលនាំឱ្យតួលេខអ្នកឆ្លងសរុបកើនដល់ ៧ ៤៤៤នាក់ហើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលនិយាយថា ករណីឆ្លងថ្មី ៤២៩នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈ ២ករណីទៀត គឺជាករណីនាំចូលដែលត្រូវបានរកឃើញលើអ្នកដំណើរបរទេសចូលមកដល់ប្រទេសកម្ពុជា។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីទាំង ៤២៩នាក់នេះ ត្រូវបានរកឃើញច្រើនបំផុតនៅរាជធានីភ្នំពេញ ២៧១នាក់ បន្ទាប់មកខេត្តព្រះសីហនុ ១៣៣នាក់ ខេត្តកណ្ដាល ១០នាក់ ខេត្តកំពង់ចាម ៤នាក់ ខេត្តតាកែវ ៤នាក់ ខេត្តព្រៃវែង ២នាក់ ខេត្តកំពង់ឆ្នាំង ១នាក់ ខេត្តកំពត ១នាក់ ខេត្តកំពង់ធំ ១នាក់ និងខេត្តស្វាយរៀង ១នាក់។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សដល់ទៅ ៧ ៤៤៤នាក់ហើយបានឆ្លងមេរោគកូវីដ១៩នៅទូទាំងប្រទេសចាប់តាំងពីកម្ពុជាបានរកឃើញករណីឆ្លងលើកដំបូងកាលពីចុងខែមករាឆ្នាំមុនមក ក្នុងនោះអ្នកឆ្លងដល់ទៅ ៦ ៨៩៩នាក់ ឬប្រហែល ៩២ភាគរយ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ទន្ទឹមនេះដែរ ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ១៩សរុប ២ ៥៥៥នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មី ៣១នាក់ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ ខណៈអ្នកជំងឺកូវីដ១៩ចំនួន ៤ ៨៣៥នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕