អង់គ្លេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក ម៉ាត់ ហេនខុក បានឲ្យដឹងថា ឥណ្ឌាត្រូវបានចុះបញ្ជីក្រហមជាបណ្ដាប្រទេស ដែលការធ្វើដំណើរភាគច្រើនរបស់ពួកគេនៅកាន់ចក្រភពអង់គ្លេស ត្រូវបានហាមប្រាមដោយសារក្តីកង្វល់ពីវិរុសបម្លែងខ្លួនថ្មី។

ចាប់ពីម៉ោង ៤ម៉ោងនៅអង់គ្លេសថ្ងៃសុក្រ ទី២៣ ខែមេសាខាងមុខនេះតទៅ ពលរដ្ឋភាគច្រើនដែលធ្វើដំណើរមកពីឥណ្ឌាក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនឹងត្រូវបដិសេធន៍មិនអនុញ្ញាតឲ្យចូល។ ចំណែកឯអ្នកកាន់លិខិតឆ្លងដែនអង់គ្លេស ឬអៀរឡង់ ឬពលរដ្ឋដែលមានសិទ្ធិរស់នៅក្នុងអង់គ្លេសនឹងអនុញ្ញាតឲ្យចូល ប៉ុន្តែពួកគេត្រូវតែដាក់ឲ្យនៅដាច់ដោយឡែក នៅក្នុងសណ្ឋាគាររយៈពេល ១០ថ្ងៃ។ លោក ហេនខុក បាននិយាយថា មាននូវករណីឆ្លង ១០៣នាក់នៅចក្រភពអង់គ្លេសដែលជាវីរុសបម្លែងខ្លួនថ្មីមកពីឥណ្ឌា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សភាកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះបាននិយាយថា ភាគច្រើននៃករណីឆ្លងវីរុសបម្លែងខ្លួនថ្មីដែលគេស្គាល់ថា ជាវីរុស B.1.617 មានការផ្សាភ្ជាប់នឹងការធ្វើដំណើរអន្តរជាតិ។
លោកបន្តថា គំរូការធ្វើតេស្តត្រូវបានវិភាគដើម្បីពិនិត្យមើលថា វីរុសបម្លែងខ្លួនថ្មីនេះមានលក្ខណៈគួរឲ្យព្រួយបារម្ភ ដូចជាអាចចម្លងលឿនជាងមុន ឬប្រឆាំងនឹងការព្យាបាល និងវ៉ាក់សាំងដែរ ឬទេ។ លោក ហេនខុក បាននិយាយប្រាប់សមាជិកសភាថា ក្រោយការសិក្សាលើទិន្នន័យ និងមូលដ្ឋានប្រុងប្រយ័ត្ន ពួកយើងបានធ្វើការសម្រេចចិត្តដ៏លំបាកមួយ តែចាំបាច់ដើម្បីចុះបញ្ជីក្រហមប្រទេសឥណ្ឌា៕
អត្ថបទ៖ សារ៉ាត់