ប្រណាំងម៉ូតូ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប elf Cup Race Endurance ឆ្នាំ២០២២ នេះបានបញ្ចប់ដោយជោគជ័យជាមួយការសាទរពីអាជ្ញាធរ និងប្រជាពលរដ្ឋទៀតហើយ បន្ទាប់ពីដំណើរការប្រកួតដ៏ស្វិតស្វាញ់អស់រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូកន្លងទៅនៅទីលាន Yamamoto Circuit Cambodia ខេត្តកំពង់ស្ពឺ។ ពិធីបិទការប្រកួតនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
លោក ហូ សិទ្ធិគុណ តំណាងគណៈកម្មការរៀបចំ និងភ្នាក់ងាររៀបចំការ៉ាកម្ពុជា(KARA) បានឲ្យដឹងថា ការប្រកួតរយៈពេល ៣ថ្ងៃនៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឬទ្ធី សែន ជ័យ នេះមានកីឡាករ-កីឡាការិនីចូលរួមប្រមាណ ៥០នាក់ និងប្រកួតលើ ៥វិញ្ញាសា។ មុនការប្រកួតគណៈកម្មការ ក៏ដូចជាកីឡាករសុទ្ធតែមានការព្រួយបារម្ភ បន្ទាប់ពីខកខានរៀបចំច្រើនឆ្នាំដោយសារកូវីដ-១៩ តែក្រោយដំណើរការប្រកួតគឺបានរលូន និងជោគជ័យលើសពីការរំពឹងទុក ។ ដោយឡែកកីឡាករ វុធ វេងហួរ ជ័យលាភីលេខ១ លើវិញ្ញាសារ Class-B ក៏ដូចជាកីឡាករជប៉ុនលោក Kentaro Noda ដែលចូលរួមព្រឹត្តិការណ៍នេះបានកោតសរសើរ ទាំងការរៀបចំ និងការប្រកួតប្រជែង ទោះបីព្រឹត្តិការណ៍នេះ បានខកខានរៀបចំច្រើនឆ្នាំនេះ តែការរៀបចំក៏ល្អ ហើយកីឡាករចូលរួមក៏មានសមត្ថភាពខ្ពស់ ធ្វើឲ្យមានការប្រកួតប្រជែងខ្លាំងទម្រាំស្វែងរកម្ចាស់ជ័យលាភី។
ចំណែកប្រជាពលរដ្ឋ ក៏ដូចជាយុវជនជិតឆ្ងាយដែលបានចូលរួមទស្សនាការប្រកួតនេះ ក៏បានសម្ដែងនូវសេចក្ដីរីករាយ ដែលកម្ពុជាមានព្រឹត្តិការណ៍ប្រណាំងម៉ូតូស្ដង់ដារបែបនេះ ហើយពួកគេសុទ្ធតែបានចាត់ទុកការប្រកួតនេះ គឺជាការរួមចំណែកមួយដ៏សង្គម ក្នុងការផ្ដល់ឱកាសដល់អ្នកស្នេហាវិស័យកីឡាមួយនេះ បានចូលរួមប្រកួត បង្ហាញសមត្ថភាព និងទេសកោលសល្យ ជាជាងការប្រកួតប្រជែងលើផ្លូវសាធារណៈ បង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។ ជាមួយគ្នានោះ ឯកឧត្តម វ៉ី សំណាង ក៏បានគាំទ្រការរៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបនេះដែរ ដ្បិតជាការរួមចំណែកថ្មីមួយទៀតជាមួយខេត្តក្នុងការលើកកម្ពស់វិស័យកីឡា ហើយឯកឧត្តមថែមទាំងអំពាវនាវដល់យុវជនដែលស្រលាញ់ និងនិយមលេងកីឡានេះ ចូលរួមប្រកួតប្រជែងលើទីលានស្ដង់ដារ និងការរៀបចំត្រឹមត្រូវដែលមានលក្ខណៈសុវត្ថិភាពខ្ពស់នេះទៀតផង។
ក្រឡេកទៅចាប់អារម្មណ៍លទ្ធផលនៃការប្រកួតវិញ សម្រាប់វិញ្ញាសារ Class-A ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ គីម ទី, លេខ២ កីឡាករ សៀក ពេជ្រ និងលេខ៣ កីឡាករ សួន សុចិត្រា។ វិញ្ញាសា Class-B ចំណាត់ថ្នាក់លេខ១ កីឡាករ វុធ វេងហួរ, លេខ២ កីឡាករ បូ ធេង និងលេខ៣ កីឡាករ ស្រ៊ុន ហួងហ្វី។ រីឯជ័យលាភីលើវិញ្ញាសា Class-C ចំណាត់ថ្នាក់លេខ១ កីឡាករជប៉ុន Kentaro Noda, លេខ២ កីឡាករ ស្រ៊ុន ហួងហ្វី និងលេខ៣ កីឡាករ លី ថៃ។ ក្រៅពីនេះក៏មានការប្រកួតផ្នែក Endurance ផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ ព្រឹត្តិការណ៍នេះគឺមានកីឡាការិនីម្នាក់គត់ចូលរួមគឺកីឡាការិនីដ៏ស្រស់សោភា ហេង សុគន្ធនីតា ដែលប្រកួតលើវិញ្ញាសា Class-B៕
អត្ថបទ៖ លី ឈុនឡា