ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា សំណុំរឿងពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ បានបញ្ជូនមកដល់អយ្យការហេីយ តំណាងអយ្យការបាន និងកំពុងស៊េីបអង្កេតលេីករណីនេះរួចហេីយ ។
គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាសជ្រោយចង្វារ (មិត្តភាពកម្ពុជា-ជប៉ុន) ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានករណី គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយបុរសម្នាក់ បើកបររថយន្តម៉ាកលុចស៊ីស nx200t ពាក់ស្លាកលេខភ្នំពេញ 2BB-9989 បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កូបពី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1B-9978 បណ្ដាលឱ្យមនុស្សបីនាក់រងរបួសធ្ងន់ ក្នុងនោះមានទារកទើបអាយុ៦០ថ្ងៃម្នាក់។ បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានព្យាយាមបើករថយន្តគេចចេញពីកន្លែងកើតហេតុ រហូតត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់បាន។
ក្នុងករណីនេះផងដែរ ដោយមានភាគីរងគ្រោះមានទារកអាយុទើបតែ ៦០ថ្ងៃរងរបួសធ្ងន់ ដែលទើបទទួលមរណភាពកាលពីយប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២នេះផង ។ ចំណែកម្ដាយទារកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបុរសម្នាក់ទៀតដែលជិះម៉ូតូឌុប ម្ដាយ-កូន ក៏កំពុងសម្រាកនៅមន្ទីរពេទ្យផងដែរ៕(អត្ថបទ៖ កុម្ភៈ)









