ឃីកបុកស៊ីង៖ ក្នុងសប្តាហ៍នេះ អ្នកលេងឃីកបុកស៊ីងមកពី ១៨ប្រទេសជួបជុំគ្នានៅទីក្រុងបាងកកប្រទេសថៃ ចូលរួមប្រកួតប្រជែងជើងឯកឃីកបុកស៊ីងអាស៊ីឆ្នាំ២០២២ ក្នុងនោះកម្ពុជាក៏បានបញ្ជួនអត្តពលិកមិនតិចនោះទេ។

ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានប្រាប់ឱ្យដឹងមុនជូនដំណើរកីឡាករនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីៗនេះថា កម្ពុជាបានបញ្ជួនកីឡាករ-កីឡាការិនីលើប្រភេទកីឡានេះ ១៧នាក់ចូលរួមប្រកួត រួមជាមួយគ្រូបង្វឹក និងមន្ត្រីបច្ចេកទេសជាច្រើនរួមទៀតក្នុងន័យសម្រួច ក៏ដូចជារៀនសូត្រលើកឆាកអន្តរជាតិឆ្ពោះទៅប្រកួតស៊ីហ្គេម ២០២៣ នៅកម្ពុជា។
ឯកឧត្តមបន្តថា ការប្រកួតនេះមិនប៉ះពាល់ដល់កីឡាករសម្រាប់ប្រកួតស៊ីហ្គេមនោះទេ ដោយសារតែយើងមានបទពិសោធន៍មួយចំនួនពីការប្រកួតនៅវៀតណាមកន្លងទៅថ្មីៗនេះ ហើយពិសេសការទៅចូលរួមនេះមានការគាំទ្រពីផ្នែកពាក់ព័ន្ធផងដែរ។ សូមជម្រាបជូនថា ការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ២០២២ ដំណើរការពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលយុវជនថៃ-ជប៉ុននៅទីក្រុងបាងកកប្រទេសថៃ៕ អត្ថបទ៖ គង់ ហួន

