បាល់ទាត់៖ មុនជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ស្អែកនេះខ្សែប្រយុទ្ធក្រូអាស៊ី Bruno Petkovic បាននិយាយថា ក្រូអាស៊ីនឹងមិនផ្តោតតែលើ Messi តែម្នាក់ទេតែត្រូវផ្តោតលើក្រុមទាំងមូល។ ក្រូអាស៊ីកំពុងព្យាយាមឡើងឱ្យដល់វគ្គផ្តាច់ព្រ័ត្រ World Cup ពីរព្រឹត្តិការណ៍ជាប់គ្នា បន្ទាប់ពីឡើងវគ្គផ្តាច់ព្រ័ត្រ ៤ឆ្នាំមុននៅរុស្ស៊ីចាញ់បារាំង ៤-២។

មុនឡើងមកដល់វគ្គនេះ ក្រូអាស៊ីបានទម្លាក់ក្រុមបេក្ខភាពឈានមុខគេប្រេស៊ីលដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។ និយាយក្នុងសន្និសីទសារព័ត៌មានមុនជួបគ្នាស្អែក អ្នកស៊ុតបញ្ចូលទីតាមស្មើពេលជួបប្រេស៊ីល Bruno Petkovic បាននិយាយថា ក្រុមរបស់ខ្លួនមិនមានគោលដៅចាប់កីឡាករ Playmaker រូបណាតែម្នាក់ទេ កន្លងមកគឺពួកយើងតែងតែផ្តោតលើកីឡាករទាំងក្រុម ពីព្រោះថាក្រុមដូចជាអាហ្សង់ទីន Messi មិនមែនជាមនុស្សគ្រោះថ្នាក់តែម្នាក់ទេ។
ម្ចាស់ជ័យលាភី Ballon D’Or ៧លើក Lionel Messi បានដើរតួរយ៉ាងសំខាន់ក្នុងការនាំអាហ្សង់ទីនឡើងមកកាន់វគ្គនេះ ហើយ Messi ក៏ជាអ្នកទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីមួយគ្រាប់ដែរពេលយកឈ្នះហូឡង់នៅវគ្គ ៨ក្រុម។ សម្រាប់ក្រុមក្រូអាស៊ី គ្មានកីឡាករជាប់បម្រាម គ្មានកីឡាកររបួសឡើយ ខណៈក្រុមរបស់លោក Zlatko Dalic ត្រៀមខ្លួនរួចរាល់ដើម្បីយកកៅអីវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖នាង សុភាវុធ