បាល់ទាត់៖ សង្គមបាល់ទាត់នៅតំបន់អឺរ៉ុប កំពុងស្ថិតក្នុងផ្លូវបែកបាក់ប្រេះឆាបន្ទាប់ពីក្លិបធំៗនៅអឺរ៉ុប ១២ យល់ព្រមចូលរួមប្រកួតពាន European Super League។ ប្រធានក្លឹប Real Madrid លោក Florentino Perez គឺជាអ្នកផ្ដួចផ្ដើមបង្កើតពានរង្វាន់នេះឡើង ជាមួយក្លឹបយក្សនៅអឺរ៉ុបផ្សេងទៀតដូចជា Barcelona, Atletico Madrid, AC Milan, Inter, Juventus, Arsenal, Chelsea, Liverpool, Manchester City, Manchester United និង Tottenham Hotspur ដែលជាសមាជិក។
ដោយឡែកក្លិបយក្សអាល្លឺម៉ង់ទាំងពីរ Bayern Munich និង Borussia Dortmund ក៏ដូចជាក្លិបជើងឯកបារាំង Paris Saint Germain បានបដិសេធមិនចូលរួម។ អ្វីដែលជាដើមទងក្នុងការបង្កើតអោយមាន European Super League ដែលរួមគ្នាបង្កើតដោយក្លិបទាំង ១២ ខាងលើ? អ្នកវិភាគបាល់ទាត់មួយចំនួនបានលើកឡើងស្រដៀងគ្នា ស្របពេលអ្នកសារព័ត៌មានកីឡាប្រចាំទូរទស្សន៍ Sky Sport អង់គ្លេសលោក Kaveh Solhekol បាននិយាយថា មូលហេតុមាន តែមួយគត់ ហើយក៏មិនមានមូលហេតុអ្វីផ្សេងលើសពីនេះដែរ គឺបញ្ហាលុយ។ ម្ល៉ោះហើយក្លិបធំៗទាំងអស់ដែលមានមុខនៅ UEFA Champions League ស្ទើរគ្រប់រដូវកាលបានមូលមតិគ្នា បង្កើតអោយមានពាន Super League នេះឡើង។ ជាធម្មតាឧទាហរណ៍ដូចជា Manchester United ពេលពួកគេលេងនៅ Champions League គឺបានប្រាក់ចំនូលប្រហែល ៤០ ទៅ ៨០ លានផោនប៉ុណ្ណោះទៅតាមកំរិតជោគជ័យនៃរដូវកាលនីមួយៗ។
តែប្រសិនបើពួកគេបង្កើតពានដោយខ្លួនឯង មិនជ្រកក្រោមការគ្រប់គ្រងរបស់ UEFA ពួកគេនឹងអាចរកប្រាក់ចំនូលបានចន្លោះពី ២៥០ ទៅ ៣០០លានផោនក្នុងមួយរដូវកាល ពោលគឺគុណនឹង ៣ ឯណោះ។ គិតត្រឹមការលក់សិទ្ធិផ្សាយផ្ទាល់របស់ក្លិបដោយខ្លួនឯង ទៅអោយក្រុមហ៊ុនទូរទស្សន៍ទូទាំងសកលលោក ក៏ក្លិបនីមួយៗនឹងអាចបានប្រាក់ចំណូលពី ២០០ ទៅ ២៥០លានផោនដែរក្នុងមួយរដូវកាល។ តែអ្វីដែលជាការប៉ះទង្គិចនោះគឺ European Super League នឹងមានកាលវិភាគប្រកួតពាក់កណ្តាលសប្តាហ៍ដូច UEFA Champions League រឺ UEFA Europa League ដែរ។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រភាគច្រើនបានសំដែងការមិនពេញចិត្តចំពោះការបង្កើតរឿង Super League នេះឡើយ ជាក់ស្តែងការប្រកួតយប់មិញរវាង Leeds United និង Liverpool មានកីឡាកររបស់ Leeds ម្នាក់សរសេរពាក្យនៅខ្នងអាវថា “បាល់ទាត់គឺសម្រាប់អ្នកគាំទ្រ”។ ស្រដៀងគ្នានេះដែរខ្សែបំរើ Liverpool, James Milner បាននិយាយថា “គេមិនចូលចិត្ត Super League អីនោះទេ ហើយសង្ឃឹមថាវានឹងមិនអាចកើតមានឡើង”។ អំឡុងការប្រកួតនោះដែរក៏មានយន្តហោះ ហោះកាត់កីឡដ្ឋាន Elland Road របស់ Leeds ដែរដោយបានបង្ហោះសារប្រឆាំងនឹង Super League។
មិនទាន់អស់ទេ អ្នកគាំទ្រ Liverpool នៅក្រៅកីឡដ្ឋានក៏បាននាំគ្នាដុតអាវ Liverpool ដែរក្នុង ការសំដែងការមិនពេញចិត្តដែល Liverpool ក្លាយជាផ្នែកមួយនៃ Super League។ នៅពេលនេះ European Super League បានក្លាយជាសត្រូជាមួយ UEFA ទៅហើយខណៈភាគីទាំងពីរនៅពេលនេះកំពុងសាចទឹកដាក់គ្នា ដែលជាសញ្ញាណមិនល្អសោះនៃបាល់ទាត់។ ក្រុមទាំង ១២ ដែលមូលមតិគ្នាបង្កើត Super League នឹងមិនចូលរួម Champions League ហើយ UEFA ក៏គម្រាមវិញដែរថា កីឡាករដែលប្រកបអាជីពជាមួយក្លិបទាំង ១២ ខាងលើកនោះ UEFA មិនអោយចូលរួមការប្រកួតណាមួយក៏ដោយក្រោមការគ្រប់គ្រងរបស់ UEFA។ មិនទាន់ថាភាគីខាងណាល្អជាងខាងណាទេ ស្របពេលមតិពីមជ្ឈដ្ឋានទូទៅ មិនថាអ្នកវិភាគ អ្នកគាំទ្រក្លិបបាល់ទាត់នៅអឺរ៉ុប គ្រូបង្វឹកក៏ដូចជាកីឡាករសុទ្ធតែមានមតិស្រប និងខ្វែងផ្សេងៗគ្នា។ ជាមួយគ្នានោះដែរ UEFA និង English Premier League ក៏ដូចជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានប្រកាសថ្កោលទោស ចំពោះការបង្កើតអោយមានពាន European Super League នេះ។ យ៉ាងណាយើងនៅតែរង់ចាំបន្តទៀតថា អនាគតបាល់ទាត់អឺរ៉ុបដែលសំបូរលីគ ដែលគេពេញនិយមពេញពិភពលោកនោះ នឹងទៅជាយ៉ាងណា៕
អត្ថបទ៖នាង សុភាវុធ