ក្រចេះ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ចាប់ពីទីប្រជុំជនស្គន់ដល់ក្រុងកំពង់ចាមគ្រោងនឹងរៀបចំបើកការដ្ឋាននាដើមខែមករា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពីការរៀបចំកម្មវិធី ប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពានទន្លេមេគង្គ ខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ (ពីទីប្រជុំជនស្គន់ដល់ក្រុងកំពង់ចាម) ក្រោមហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមខែមករា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងលោក លោកស្រី ជាមន្ត្រីជំនាញពាក់ព័ន្ធ ជាសមាជិក សមាជិកា គណៈកម្មការ និងអនុគណៈកម្មការជាច្រើនរូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកាគណៈកម្មាការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំកម្មវិធី ប្រកាសបើកការដ្ឋាននូវគម្រោងទាំងពីរខាងលើ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធីអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារទៅតាមបំណែងចែកការងារ ដែលមាននៅក្នុងលិខិតបង្គាប់ការ។ អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ទៅលើចំណុចសំខាន់ៗនានាដែលរួមមានដូចជា៖ ការរៀបចំសុន្ទរកថាជូនថ្នាក់ដឹកនាំ ការជ្រើសរើសទីតាំងក្នុងការរៀបចំកម្មវិធី ការរៀបចំលិខិតអញ្ជើញថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិអន្តរជាតិ ព្រមទាំងការរៀបចំចងក្រងទិន្នន័យព័ត៌មាន រូបភាព និងវីដេអូ ឯកសារជាដើម ដើម្បីដាក់ជូនទៅខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី គោរពស្នើសុំគោលការណ៍ក្នុងការបញ្ចេញខ្លឹមសារផ្សព្វផ្សាយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចផ្ទាល់។
ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំក៏បានធ្វើការផ្តាំផ្ញើដល់អនុប្រធានគណៈកម្មការ សមាជិកគណៈកម្មការ និងអនុគណៈកម្មការនីមួយៗត្រូវទទួលខុសត្រូវលើភារកិច្ច ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនដែលបានកំណត់ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីឱ្យការរៀបចំពិធីប្រកាសបើកការដ្ឋានគម្រោងទាំងពីរនេះ អាចសម្រេចទៅបានប្រកបដោយជោគជ័យ៕


