ព្រះសីហនុ៖ ព្រឹត្តិការណ៍បុណ្យសមុទ្រជុំទី៣ លើកទី៩ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានបញ្ចប់ទៅដោយមានភាពជោគជ័យ ហើយកម្មវិធីបានដំណើរការតាមគ្រោងទុក ហើយបើតាម របាយការណ៍មន្ទីទេសចរណ៍ខេត្តព្រះសីហនុ៖ មានភ្ញៀវទេសចរជាតិអន្តរជាតិ និងពលរដ្ឋក្នុងខេត្ត បានចូលរួមដើរកម្សាន្តសប្បាយមានប្រមាណជាង ៧១ម៉ឺន.នាក់ កើន២៩% ធៀបនឹង បុណ្យសមុទ្រខេត្តព្រះសីហនឆ្នាំ២០១៧។
បណ្តាពលរដ្ឋ និងភ្ញៀវទេសចរដែលបានចូលរួមដើរកម្សាន្តបុណ្យសមុទ្រថ្ងៃចុងក្រោយ បានថ្លែងថា ពួកគេសប្បាយរីករាយ និងចង់ឲ្យខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រផ្សេងទៀត មានកម្មវិធីកម្សាន្តសប្បាយបែបនេះ ឲ្យបានច្រើនថែមទៀត ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ខេត្ត ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ ទស្សនា ឲ្យបានច្រើនថែមទៀត។
ព្រឹត្តិការណ៍បុណ្យសមុទ្រ មានកម្មវិធីកម្សាន្តសប្បាយជាច្រើន ដូចជាកម្មវិធីតាំងពិព័រណ៍បង្ហាញសមិទ្ធផលរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាស្ថានទូតនានានៅកម្ពុជា ការតាំងពិព័រណ៍មហោស្រពម្ហូបអាហារ សំលៀកបំពាក់ ផលិតផលភូមិ១ផលិតផល១ដែលស្នាដៃផលិតបានដោយកូនខ្មែរ កម្មវិធីប្រគុំតន្ត្រីប្រមាណបីទីតាំងធំៗ កម្មវិធីប្រកួតកីឡាកម្សាន្ត និងមានកម្មវិធីកម្សាន្តតូចៗជាច្រើន ដែលគ្រប់កម្មវិធីទាំងនោះ គឺមានភ្ញៀវទេសចរជាតិអន្តរជាតិ និងពលរដ្ឋ ចូលទស្សនា ដើរភ្លក់ ទិញផលិតផលជាច្រើនកុះករ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងថា ក្នុងឱកាសបិទកម្មវិធីបុណ្យសមុទ្រនៅថ្ងៃទីយប់ថ្ងៃទី១១ខែធ្នូនេះថា មូលហេតុខេត្តព្រះសីហនុ មានមកទស្សនាបុណ្យសមុទ្រច្រើនកុះករខ្លាំង គឺដោយសារ ខេត្តព្រះសីហនុ មានសំណង់អគារខ្ពស់ៗរីកចំរើន មានឆ្នេរសមុទ្រស្អាត និងមានផ្លូវល្បឿនលឿន ហើយតាមរយៈការមានកំណើនភ្ញៀវទេសចរជាតិអន្តរជាតិនេះ បានធ្វើឲ្យខេត្តមានកំណើនសេដ្ឋកិច្ចកើនឡើងជាលំដាប់។
ឯកឧត្តម គួច ចំរើន បញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចនេះ បានធ្វើឲ្យប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋម្នាក់ៗនៅក្នុងខេត្តព្រះសីហនុ មានទំហំប្រមាណ ៤១៨០ដុល្លាអាមេរិក ក្នុងមួយឆ្នាំ និងបានកាត់បន្ថយភាពក្រីក្រមកនៅត្រឹម១.៨៦% នៅក្នុងឆ្នាំ២០២២នេះ៕ អត្ថបទ ស៊ុម សុជា