ព្រះសីហនុ៖ សន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍ និងការអភិរក្សាឆ្នេរសមុទ្រ នៅខេត្តព្រះសីហនុ ត្រូវបានបើកនៅល្ងាចថ្ងៃទី១១ ខែធ្នូ ដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
អង្គសន្និសីទអន្តរជាតិ បណ្តាថ្នាក់ដឹកនាំប្រតិភូសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក បានបង្ហាញការប្តេជ្ញាចិត្តអភិវឌ្ឍន៍ និងអភិក្សតំបន់ឆ្នេរ ដើម្បីរក្សាបេក្ខភាពឆ្នេររបស់គេ នៅក្នុងបញ្ជីក្លឹបឆ្នេរសមុទ្រស្អាតបំផុតរបស់ពិភពលោក។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានថ្លែងថា នៅក្នុងសន្និបាតអន្តរជាតិនេះ បណ្តាថ្នាក់ដឹកនាំប្រតិភូសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក បានធ្វើការចែករំលែកបទពិសោធន៍ការអភិវឌ្ឍតំបន់ឆ្នេរ ឲ្យគ្នាទៅវិញដើម្បីធ្វើការអភិវឌ្ឍ អភិរក្សតំបន់ឆ្នេរសមុទ្រ យ៉ាងផុសផុលដើម្បីឲ្យឆ្នេររបស់គេមានភាពស្អាតបៃតង អនាម័យ និងការទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិទស្សនាច្រើនកុះករ។
ក្នុងឱកាសថ្លែងបើកសន្និសីទនេះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ថ្លែងប្តេជ្ញាជំរុញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រមានភាពស្អាតបៃតង បរិស្ថានស្អាត អនាម័យ លុបបំបាត់ទឹកកខ្វក់ហូរចូលក្នុងទឹកសមុទ្រ ខណៈគោលដៅទេសចរណ៍សមុទ្រ គឺជាគោលដៅដែលភ្ញៀវទេសចរជាតិអន្តរជាតិចូលរួមមកទស្សនាម្តងហើយ ចង់មកទស្សនាម្តងទៀត ចង់ទស្សនាញញឹកក្នុងជីវិតរបស់គេ ។
ដើម្បីជម្រុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកាន់តែ ឯកឧត្តម នឹងជម្រុញការតភ្ជាប់គោលដៅទេសចរណ៍តាមតំបន់ឆ្នេរសមុទ្រស្អាតនានា ភ្ជាប់គ្នាជាមួយគោលដៅទេសចរណ៍ ទេសចរណ៍វប្បធម៌កម្ពុជាជាពិសេសគោលដៅប្រាសាទអង្គរវត្ត៕ អត្ថបទស៊ុម សុជា