បាល់ទាត់៖ អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បាននិយាយថា ក្រុមរបស់លោកកំពុងស្វែករកខ្សែប្រយុទ្ធជួរមុខថ្មីម្នាក់ដើម្បីជំនួសតំណែង Cristiano Ronaldo ដែលចាកចេញពីក្លិប។
និយាយក្នុងកិច្ចសម្ភាសន៍ជាមួយ TalkTV លោក Ten Hag ថា ក្លិបបាននឹងកំពុងស្វែងរកខ្សែប្រយុទ្ធជួរមុខ មិនថាតែពេលនេះទេគឺតាំងពីតែពីពេល Ronaldo មិនទាន់ចាកចេញម្ល៉េះ។ កីឡាករជាច្រើនស្ថិតក្នុងបញ្ជីតាមទិញរបស់ក្លិប តែពួកគេម្នាក់ៗសុទ្ធតែជាប់កិច្ចសន្យា។ អតីតអ្នកចាត់ការ Ajax រូបនេះមិនអាចបញ្ជាក់ឈ្មោះថា ខ្សែប្រយុទ្ធថ្មីជានរណាខ្លះទេ តែលោកនឹងប្រាប់នៅពេលមានសញ្ញាវិជ្ជមាន។ កីឡាករក្នុងបញ្ជីតាមទិញរបស់ Manchester United ត្រូវបានគេដឹងថា មានដូចជាមិត្តរួមជាតិរបស់ Ronaldo, Joao Felix និង Goncalo Ramos ជាដើម។
រំលឹកថា Cristiano Ronaldo បានផ្តល់កិច្ចសម្ភាសន៍ជាមួយលោក Piers Morgan ថា គេមានអារម្មណ៍ថា ក្លិបកំពុងក្បត់ និងអស់ការគោរពចំពោះលោក Erik ten Hag។ ក្រោយមក Manchester United ក៏បានចេញសេចក្តីប្រកាសពីការចាកចេញរបស់ Ronaldo ផ្លូវការ និងបញ្ចប់កិច្ចសន្យាមុនការកំណត់។ Manchester United នឹងត្រូវទទួលស្វាគមន៍ Burnley ពាន EFL Cup នៅថ្ងៃទី២១ ខែធ្នូក្រោយ World Cup បញ្ចប់៕
អត្ថបទ៖នាង សុភាវុធ