វាយកូនបាល់៖ កីឡាករអាមេរិក Taylor Fritz បានយកឈ្នះអ្នកការពារតំណែងជើងឯក Daniil Medvedev ដើម្បីគ្រងជើងឯកការប្រកួតវាយកូនបាល់ពានរង្វាន់ Diriyah Tennis Cup នៅអារ៉ាប៊ីសាអ៊ូឌីត។
ការប្រកួតដែលចំណាយពេលដល់ជិតពីរម៉ោង កីឡាករទាំងពីរភាគច្រើនបានចាញ់ក្នុងការចេញសេវារបស់ខ្លួន តែកីឡាករលេខ ៩ ពិភពលោក Taylor Fritz ជាអ្នកមានសំណាងជាងនៅចុងសិតនៅមួយៗដែលឈានដល់ Tiebreak ដោយយកឈ្នះទាំងពីរសិតលទ្ធផលពិន្ទុ ៧-៦(៧-៥) និង ៧-៦(៧-៣)។ នេះជាបរាជ័យដំបូងសំរាប់ Daniil Medvedev នៅលើទឹកដីអារ៉ាប៊ីសាអ៊ូឌីតនេះ បន្ទាប់ពីគ្រងជើងឯកកម្មវិធីនេះក្នុងពេលបង្កើតឡើងដំបូងនៅឆ្នាំ២០១៩ មុនពេលត្រូវផ្អាកពីរឆ្នាំដោយសារកូវីដ-១៩។ រីឯកីឡាករវ័យ ២៥ឆ្នាំ Taylor Fritz តាមរយៈជ័យជំនះនេះគេទទួលបានប្រាក់រង្វាន់ ១លានដុល្លារ ខណៈជើងឯករង Daniil Medvedev ទទួលបាន ៥សែនដុល្លារ៕
អត្ថបទ៖នាង សុភាវុធ