ម៉ិកស៊ិក៖ យ៉ាងហោចណាស់មនុស្ស ២៤នាក់បានរងរបួស និងម្នាក់បានស្លាប់ ខណៈរថយន្តដឹកជនអន្តោប្រវេសន៍មួយគ្រឿងបានក្រឡាប់នៅទីក្រុង LAS Choapas ក្នុងរដ្ឋ Veracruz ប្រទេសម៉ិកស៊ិក។ អ្នកបើកបររថយន្តបានបាត់បង់ការគ្រប់គ្រងយានយន្ត នៅពេលដែលកំពុងបើកបរក្នុងល្បឿនលឿនលើផ្លូវកោង។
លោក Francisco Castillo នាយកការពារជនស៊ីវិលទីក្រុង Las Choapas និយាយថា ជនរងគ្រោះមានសញ្ជាតិផ្សេងៗគ្នា ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និយាយថា ជនអន្តោប្រវេសន៍ជិត ១០០នាក់កំពុងធ្វើដំណើរលើរថយន្ត ប៉ុន្តែពួកគេភាគច្រើនបានរត់ចេញពីកន្លែងកើតហេតុបន្ទាប់ពីគ្រោះថ្នាក់។ ចំណែកនៅប្រទេសអ៊ីតាលីវិញ ប្រទេសនេះបានប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះការធ្វើអន្តោប្រវេសន៍ ដែលបានទទួលយកជនចំណាកស្រុកជាង ៥០០នាក់កាលពីថ្ងៃអាទិត្យ នៅពេលដែលនាវាជួយសង្គ្រោះសប្បុរសធម៌ត្រូវបានអនុញ្ញាតឱ្យចូលចត នៅកំពង់ផែនៅភាគខាងត្បូងប្រទេស បន្ទាប់ពីរយៈពេលជាច្រើនថ្ងៃនៅលើទឹកសមុទ្រក្នុងអាកាសធាតុមិនអំណោយផល។
គ្រូពេទ្យគ្មានព្រំដែនបាននិយាយថា នាវាមួយគ្រឿងធ្វើប្រតិបត្តិការដោយអង្គការគ្រូពេទ្យគ្មានព្រំដែន ដែលដឹកជនចំណាកស្រុក ២៤៨នាក់បានមកដល់តំបន់ Salerno ភាគនិរតីទីក្រុង Campania។ នាវាជួយសង្គ្រោះមួយគ្រឿងផ្សេងទៀតគ្រប់គ្រងដោយអង្គការសប្បុរសធម៌ SOS បានចូលទីក្រុងកំពង់ផែ Bari បន្ទាប់ពីអាជ្ញាធរអ៊ីតាលីបានព្រមព្រៀងផ្តល់ការអនុញ្ញាតឱ្យនាវាចូលចត។ បុគ្គលិកអង្គការ SOS និយាយនៅលើបណ្តាញ Twitter ថា ការធ្វើដំណើរនេះពិតជាលំបាកខ្លាំងប្រឈមទឹករលកខ្ពស់រហូតដល់ ៣ម៉ែត្រ និងមានខ្យល់បោកបក់ខ្លាំង។ ប៉ុន្តែបានអះអាងថា នាវាបានជួយសង្គ្រោះជនអន្តោប្រវេសន៍ ២៦១នាក់។ ក្រសួងមហាផ្ទៃអ៊ីតាលីបាននិយាយថា ការសម្រេចចិត្តអនុញ្ញាតឱ្យនាវាទាំងពីរគ្រឿងចូលចត គឺផ្អែកលើលក្ខខណ្ឌអាកាសធាតុមិនអំណោយផល និងហានិភ័យដែលអ្នកនៅលើនាវាបានប្រឈម៕
អត្ថបទ៖ ប៊ុនថន