វាយសី៖ កីឡាករវាយសីលំដាប់លេខ ១ ពិភពលោកសញ្ជាតិដាណឺម៉ាក Viktor Axelsen ទីបំផុតអាចការពារជើងឯករបស់ខ្លួនបាននៅពានរង្វាន់ BWF World Tour Finals ដែលរៀបចំនៅទីក្រុងបាងកកប្រទេសថៃ ក្រោយយកឈ្នះកីឡាករឥណ្ឌូនេស៊ី Anthony Sinisuka Ginting នៅវគ្គផ្តាច់ព្រ័ត្រ។

ដើម្បីគ្រងជើងឯកលើកនេះ Viktor Axelsen បានចំណាយពេលត្រឹម ៤១នាទីប៉ុណ្ណោះដើម្បីគ្រងជើងឯកពានទី៨ ក្នុងឆ្នាំ២០២២ នេះនៅកីឡដ្ឋាន Nimibutr Arena ជាមួយនឹងលទ្ធផល ២១-១៣ និង ២១-១៤។ ក្រឡេកមកការប្រកួតវាយគូបុរសនារីកីឡាករចិន Zheng Siwei និងកីឡាការិនី Huang Yaqiong បានយកឈ្នះពានមាសលើវិញ្ញាសានេះ ក្រោយយកឈ្នះដៃគូថៃកីឡាករ Dechapol Puavaranukroh និង Sapsiree Taerattanachai ដោយលទ្ធផល ២១-១៩, ១៨-២១ និង ២១-១៣ ចំណាយពេល ១ម៉ោង ១៣នាទី។
នេះជាមេដាយមាសទី៣ សំរាប់ចិននៅក្នុងព្រឹត្តការណ៍ចុងក្រោយប្រចាំឆ្នាំមួយនេះ។ សូមបញ្ជាក់ថា សហព័ន្ធកីឡាវាយសីពិភពលោកបានសំរេចចិត្តលើកព្រឹត្តិការណ៍ដែលមានកញ្ចប់ប្រាក់រង្វាន់ ១.៥លានដុល្លារនេះមកធ្វើនៅទឹកដីថៃ បន្ទាប់ពីម្ចាស់ផ្ទះដើមចិនបានសម្រេចដកខ្លួន ដោយសារវិធានការបញ្ហាកូវីដ-១៩ ដ៏តឹងរ៉ឹង៕
អត្ថបទ៖នាង សុភាវុធ