ភ្នំពេញ៖ ជាថ្មីម្តងទៀត ស្ថាប័នអន្តរជាតិជាច្រើន នៅថ្ងៃទី១២ ខែធ្នូនេះ សម្រេចបន្តគាំទ្រការងារបោសសម្អាតមីនក្នុងប្រទេសកម្ពុជាឲ្យអស់នៅឆ្នាំ២០២៥។ ការប្រកាសគាំទ្រនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយរវាអាជ្ញាធរមីន និងស្ថាប័នអន្តរជាតិទាំងអស់នោះ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី អាលីហ្សា ឆេកឃើ (Allisa Chaker) អ្នកតំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា នៅថ្ងៃទី១២ខែធ្នូនេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលមានការអញ្ជើញចូលរួមពី UNDP ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ(KOICA) និងប្រទេសនូវែលសេឡង់។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលក្នុងឆ្នាំ២០២២ និងអនុម័តផែនការសកម្មភាពឆ្នាំ២០២៣។
ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជអនុប្រធានទី១អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តរបស់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលចាប់ផ្តើមតាំងពីឆ្នាំ២០០៦មកម្លេះ ហើយទទួលបានផលជាច្រើនសម្រាប់ប្រទេសកម្ពុជា។លើសពីនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNDP ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការងារបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៥។
គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ គឺជាគម្រោងមួយដែលគាំទ្រដល់ការបោសសម្អាតមីនស្ថិតនៅភូមិអាទិភាពក្នុងខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារមីន មានជាអាទិ៍៖ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តបៃលិន។
ការបោសសម្អាតមីនរបស់គម្រោង គឺធ្វើឡើងតាមរយៈការដេញថ្លៃដែលគ្រប់គ្រងដោយអាជ្ញាធរមីន។ រាល់ចម្ការមីនដាក់ដេញថ្លៃ គឺជាចម្ការមីនដែលជ្រើសរើសដោយប្រជាជនក្នុងភូមិ និងតំណាងរបស់ពួកគាត់ ហើយមានក្រុមការងារផែនការសកម្មភាពមីនខេត្ត ជាអ្នកសម្របសម្រួល និងអនុវត្តតាមគោលការណ៍រៀបចំផែនការតាមបែបវិមជ្ឈការដែលចេញឲ្យប្រើប្រាស់ដោយអាជ្ញាធរមីន៕ អត្ថបទ៖ទូច សោភ័ណ