បាត់ដំបង ៖ នៅថ្ងៃទី២០ ខែមេសា នេះ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទ និងហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ជាបណ្តោះអាសន្ន រយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីបង្ការ និងទប់ស្កាត់ការរីកដាលដាលនូវមេរោគកូវីដ១៩ ប៉ុន្តែចំពោះការដឹកជញ្ជូន ទំនិញគ្រប់ប្រភេទត្រូវបានដំណើរការជាធម្មតា និងករណីមួយចាំបាច់មួយចំនួនទៀតជាដើម។
យោងតាមលិខិតមួយរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលបានផ្ញើជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងរដ្ឋបាលស្រុកទាំង១៤ នៃខេត្តនេះ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការបិទការធ្វើដំណើរជាបណ្តោះអាសន្ន រយៈពេល៨ថ្ងៃ ដោយចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយប្រសិនបើបុគ្គលណាបំពាននូវបំរាម ហាមឃាត់នេះ ត្រូវចាត់វិធានការជាធរមានផងដែរ។
លិខិតដដែលបានបញ្ជាក់បន្ថែមទៀតថា«ចំពោះវិធានការរដ្ឋបាល ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលល្មើស ដែលប្រើប្រាស់មធ្យោបាយផ្សេងៗ ធ្វើដំណើរតាមផ្លូវជនបទ ផ្លូវលំនានាតាមភូមិ ឃុំ ស្រុក ដើម្បីបង្វែងដានអាជ្ញាធរសមត្ថកិច្ច ហើយទៅសំងំខ្លួននៅក្នុងសហគមន៍ ភូមិ ឃុំ និងសង្កាត់ ដែលអាចនាំមកនូវការរីករាលដាលជំងឺកូវីដ១៩»។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការហាមឃាត់ការធ្វើដំណើរនេះ ត្រូវបានលើកលែងផងដែរ ដូចជាការដឹកជញ្ជួនទំនិញគ្រប់ប្រភេទទាំងផ្លូវគោក ទឹក និងអាកាស.ការធ្វើដំណើររបស់មន្រ្តីរាជកាសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ច ត្រួតពិនិត្យប័ណ្ណសម្គាល់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។
ចំពោះការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជញ្ជួនពលករ ដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស ចូលក្នុងកម្ពុជាទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើច័ត្តាឡីស័ក រថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន រថយន្តពន្លត់អគ្គិភ័យ និងរថយន្តបម្រើសេវាកម្មដឹកជញ្ជួនសំរាម និងកាកសំណល់ក៏ត្រូវបានលើកលែងផងដែរ។
ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ឲ្យមានការលើកលែង ការដឹកជញ្ជួនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាត ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុតដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្សមិនឲ្យលើសពី៤នាក់ សម្រាប់ករណីនីមួយៗនោះឡើយ ហើយនិងការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាដើមនោះ៕
អត្ថបទ ៖ បាន ចក់
