មហាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ «រាត្រីចងចាំ» និងព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងត្រូវរៀបចំធ្វើនៅថ្ងៃទី ១៤-១៦ ខែធ្នូ ខាងមុខនេះ នៅបរិវេណប្រាសាទអង្គរតូច ខេត្តសៀមរាប។ នៅមុនមួយថ្ងៃនៃការចាប់ផ្ដើមកម្មវិធី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីបួងសួង នៅបរិវេណខាងក្រោយប្រាសាទអង្គរតូច ដោយមានការចូលរួមពីលោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា ព្រទ្ធាចារ្យផ្នែកវប្បធម៌ និងសិល្បករ សិល្បការិនី ព្រមទាំង នាដកា ជាច្រើននាក់។
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃអង្គារ៍ ទី ១៣ ខែធ្នូ ឆ្នាំ ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងនៅបរិវេណខាងក្រោយប្រាសាទអង្គរវត្ត (អង្គរតូច) ដើម្បីរៀបចំមហាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ «រាត្រីចងចាំ» លើទឹកដីអង្គរនៃខេត្តសៀមរាប អបអរសាទរខួប ៣០ឆ្នាំនៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោក។
មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប: វប្បធម៌ដ៏អស្ចារ្យ បង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ព្រមទាំងមានសម្តែងជូនទស្សនិកជនបានទស្សនា ដោយមានការចូលរួមពីសិល្បករសិល្បការិនីជិត៣០០នាក់។
ព្រមជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំនូវពិធីរំលឹកគុណអង្គរ ក្នុងគោលបំណងរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។
ពិធីរំលឹកគុណអង្គរលើកទី២ នាឆ្នាំ ២០២២ នេះ នឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័ណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលរួមទស្សនាកម្សាន្តដោយក្ដីរីករាយ៕(អត្ថបទ៖ ចេន សុជាតា , រូបភាព៖ ប៉ាន់ បូនី)






