អឺរ៉ុប៖ ក្រុមអ្នកការទូតបាននិយាយថា រដ្ឋមួយចំនួននៅតំបន់បាល់ទិក និងប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបបានបង្ហាញក្ដីបារម្ភ ចំពោះការធ្វើអត្ថាធិប្បាយពីសំណាក់ប្រធានាធិបតីបារាំងលោក Emmanuel Macron ពាក់ព័ន្ធនឹងការធានាសន្តិសុខឲ្យរុស្ស៊ី និងបានពន្យល់ពីជំហររបស់ខ្លួនចំពោះប្រទេសបារាំងកាលពីថ្ងៃចន្ទ។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍បារាំង TF1 កាលពីថ្ងៃទី៣ ខែធ្នូ លោក Macron បាននិយាយថា សហភាពអឺរ៉ុបចាំបាច់ត្រូវត្រៀមស្ថាបត្យកម្មសន្តិសុខនាពេលអនាគតរបស់ខ្លួន និងគិតគូរផងដែរថាត្រូវផ្ដល់ការធានាដល់រុស្ស៊ីបែបណា នៅថ្ងៃដែលប្រទេសនេះត្រឡប់ទៅកាន់តុចរចា។ ការអត្ថាធិប្បាយទាំងនោះត្រូវបានស្តីបន្ទោសភ្លាមៗដោយប្រទេសអ៊ុយក្រែន និងបណ្ដារដ្ឋនៅតំបន់បាល់ទិក ខណៈដែលប្រធានាធិបតី និងក្រសួងការបរទេសបារាំងបានព្យាយាមនិយាយសម្រាលបញ្ហាកំហឹង ទំនងជានឹងមិនរសាយនៅក្នុងចំណោមរដ្ឋមួយចំនួនក្នុងប្លុកនេះទេ។ សាធារណរដ្ឋឆែកដែលជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានជួយរៀបចំការគាំទ្រសម្រាប់តំណាងការទូតផ្លូវការ ដែលត្រូវគេស្គាល់ថាជាអ្នកផ្ដួចផ្ដើមគំនិត។
អ្នកការទូតពីររូបបាននិយាយថា ក្រុមអ្នកគាំទ្រនៃគំនិតផ្ដួចផ្ដើមរួមមានរដ្ឋបាល់ទិក អេស្តូនី ឡាតវី និងលីទុយអានី រួមជាមួយប៉ូឡូញ និងស្លូវ៉ាគី។ សារព័ត៌មានមិនអាចកំណត់បានទេថា តើមានប្រទេសសរុបចំនួនប៉ុន្មានបានគាំទ្រចលនានេះ ឬថាតើប្រទេសឆែកបានគាំទ្រគំនិតនេះដែរ ឬយ៉ាងណា។ រដ្ឋមន្ត្រីការបរទេសបារាំង ឆែក និងស្លូវ៉ាគី មិនអាចឆ្លើយតបសុំការអត្ថាធិប្បាយភ្លាមៗបានទេ។ ចំណែកក្រសួងការបរទេសប៉ូឡូញវិញ ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ៕
អត្ថបទ៖ សុខមាន