ប្រណាំងកង់៖ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Wurkz Mountain Bike Series ឆ្នាំ២០២២ ជុំទី៤ ដែលបានរៀបចំនៅទីលានប្រណាំងកង់ព្រែកលៀប អាចនិយាយបានជាចំណែកមួយយ៉ាងសំខាន់ក្នុងការវាសស្ទង់កម្រិតសមត្ថភាពអត្តពលិកជម្រើសជាតិ បន្ទាប់ពីពួកគេបានហ្វឹកហាត់អស់រយៈពេលជាច្រើនខែ ជាពិសេសកំណើននៃកាចូលរួមលើសពីការរំពឹងទុកពីមួយជុំទៅមួយជុំ។
អ្នករៀបចំការប្រកួតលោក ព្យែ អ៊ីវកាត់ទ្រី បានបញ្ជាក់ថា ការប្រកួតកង់ភ្នំជុំទី៤ នេះពិតជាអស្ចារ្យ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ដែលបានមកគាំទ្រដល់ទីលានជាមួយនឹងកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិសរុប ៥៣៣នាក់។ ស្ថាបនិកកង់ភ្នំរូបនេះបន្តថា ការប្រកួតនេះជាចំណែកមួយក្នុងការជួយបង្កើនសិទ្ធផលកីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់បានដុសខាត់សមត្ថភាព វាសស្ទង់ និងពិនិត្យមើលពីចំណុចខ្វះខាតដើម្បីយកមកពង្រឹងបន្ថែម មិនត្រឹមតែប៉ុណ្ណោះក៏ជាឱកាសអោយគណៈកម្មការរៀបចំការប្រកួត បានត្រៀមខ្លួនអោយកាន់តែល្អ សម្រាប់ត្រៀមលក្ខណៈទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាអំឡុងខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
លោកបន្ថែមថា ការប្រកួតដំណើរការដោយរលូន ព្រោះយើងមានកីឡាករខ្លាំងៗចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញពោរពេញដោយសមត្ថភាព និងភាពសប្បាយរីករាយ ដោយមិនបង្កអោយកីឡាករ កីឡាការិនីណាម្នាក់គ្រោះថ្នាក់ បើទោះបីជាទីលានព្រែកលៀបនេះមានលក្ខណៈខ្លីក៏ពិតមែន តែយើងបានអោយពួកគាត់ប្រកួតច្រើនជុំ។ សូមបញ្ជាក់ថា សម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ Class A បានលើកីឡាករ សាំង សីហា, Class B1 លេខ១ បានលើកីឡាករ កែ រដ្ឋា, Class B2 លេខ១ បានលើកីឡាករ កែ សុផា។ Class Masters លេខ១ បានលើ Hector Rubala , Class E-Bike លេខ១ បានលើកីឡាករ អឿ ស៊ីផា, Class C3 លេខ១ បានលើកីឡាករ យី លាងម៉េង, Class C2 លេខ១ បានលើកីឡាករ ធីម លីម៉េង, Class C1 លេខ១ បានលើកីឡាករ នីត សីហាក់, Class Women លេខ១ បានលើកីឡាការិនី ខេន ម៉ាឡៃ។ ក្នុងនោះក៏មានចំណាត់ថ្នាក់សម្រាប់កុមារា និងកុមារីចូលរួមប្រកួតផងដែរ៕