អឺរ៉ុប៖ ក្រុមរដ្ឋមន្ត្រីនៃក្រសួងការបរទេសសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មថ្មីលើក្រុមមេដឹកនាំសាសនាអ៊ីរ៉ង់ ក្រុមមន្ត្រីជាន់ខ្ពស់ និងបុគ្គលិកសារព័ត៌មានរដ្ឋសំខាន់ៗ ជុំវិញការបង្ក្រាបថ្មីៗលើការតវ៉ានានាប្រឆាំងរដ្ឋបាល និងការផ្គត់ផ្គង់យានដ្រូនឲ្យរុស្ស៊ីសម្រាប់ការប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។

បុគ្គលចំនួន ២០នាក់ និងអង្គភាពមួយត្រូវបានជាប់ទណ្ឌកម្មកាលពីថ្ងៃចន្ទជុំវិញការរំលោភសិទ្ធិមនុស្ស ចំណែកបុគ្គល ៤នាក់ទៀត និងអង្គភាពជាច្រើនទៀតត្រូវបានដាក់ទណ្ឌកម្មបន្ថែមជុំវិញការលក់យានដ្រូន។ ទណ្ឌកម្មទាំងនោះរាប់បញ្ចូលទាំងការបង្កកទ្រព្យសម្បត្តិ និងបម្រាមធ្វើដំណើរចូលទៅសហភាពអឺរ៉ុប។ កាលពីថ្ងៃចន្ទអ៊ីរ៉ង់បានប្រហារជីវិតបុរសទី២ ដែលត្រូវបានចាប់ខ្លួនអំឡុងការតវ៉ាទូទាំងប្រទេស ដោយការចងព្យួរជាសាធារណរដ្ឋពីដងសន្ទូចសំណង ជាការព្រមានដ៏ខ្លាំងក្លាដល់ក្រុមអ្នកតវ៉ាផ្សេងទៀត។

ប្រជាជនអ៊ីរ៉ង់បានតវ៉ាប្រឆាំងការរឹតត្បិតរបស់រដ្ឋាភិបាល លើជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេចាប់តាំងពីចុងខែកញ្ញាមក ក្រោយការស្លាប់របស់ស្ត្រីវ័យ ២២ឆ្នាំនាង Mahsa Amini ដែលត្រូវបានចាប់ខ្លួនពីបទបំពានការស្លៀកពាក់ដ៏តឹងរ៉ឹងរបស់សាធារណរដ្ឋអ៊ីស្លាមនេះ៕
អត្ថបទ៖ សុខមាន