បាល់ទាត់៖ ក្រុមបារាំងបានបង្ហាញពីក្តីបារម្ភ និងកោតខ្លាចម៉ារ៉ុកពីទម្រង់លេងការពារ ដែលនឹងបង្កការលំបាកសម្រាប់ខ្សែប្រយុទ្ធបារាំងក្នុងការរកគ្រាប់បាល់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់ស្អែកនេះ។
ម៉ារ៉ុកបានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគួរឱ្យភ្ញាក់ផ្អើល តាមរយៈការយកឈ្នះអេស្ប៉ាញនៅវគ្គ ១៦ក្រុម និងបន្តយកឈ្នះព័រទុយហ្កាល់នៅវគ្គ ៨ក្រុម ហើយរបូតគ្រាប់បាល់តែមួយគ្រាប់គត់នៅ World Cup ឆ្នាំនេះ។ ខ្សែការពារបារាំង Raphael Varane បាននិយាយថា បារាំងមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការគេចពីអន្ទាក់របស់ម៉ារ៉ុក តាមរយៈការគ្រប់គ្រងផ្លូវចិត្តកុំឱ្យមានជំនឿលើខ្លួនឯងពេក ពីព្រោះថាម៉ារ៉ុកឡើងមកកាន់វគ្គនេះមិនមែនជារឿងសំណាងឡើយ។ ម៉ារ៉ុកការពារបានល្អណាស់ ដូច្នេះខ្សែប្រយុទ្ធបារាំងច្បាស់ណាស់ថានឹងពិបាករកគ្រាប់បាល់ តែគ្រប់គ្នាត្រៀមរួចរាល់ហើយក្នុងការប្រយុទ្ធដើម្បីវគ្គផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា បារាំងឡើងមកកាន់វគ្គនេះក្រោយយកឈ្នះប៉ូឡូញនៅវគ្គ ១៦ក្រុមចុងក្រោយ និងយកឈ្នះអង់គ្លេសនៅវគ្គ ៨ក្រុម។ ក្រុមរបស់លោក Didier Deschamps កំពុងប៉ុនប៉ងឈ្នះជើងឯក World Cup ពីរលើកជាប់គ្នា បន្ទាប់ពីឈ្នះជើងឯក ៤ឆ្នាំមុននៅរុស្ស៊ីដែលយកឈ្នះក្រូអាស៊ីនៅវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖នាង សុភាវុធ