បាល់ទាត់៖ សហព័ន្ធបាល់ទាត់អេស្ប៉ាញបានបង្ហាញមុខជាផ្លូវការ គ្រូបង្វឹកក្រុមជម្រើសជាតិថ្មីគឺលោក Luis de la Fuente បន្តតំណែងពីលោក Luis Enrique ដែលចាកចេញពីតំណែងក្រោយអេស្ប៉ាញធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។

គ្រូបង្វឹកវ័យ ៦១ឆ្នាំរូបនេះគ្រាន់តែត្រូវបានប្រកាសថានឹងក្លាយជាគ្រូបង្វឹកអេស្ប៉ាញ ក៏ទទួលបានការរិះគន់ភ្លាមៗដែរថា លោកខ្វះបទពិសោធដឹកនាំក្លិបធំៗ។ លោក Luis Fuente មុនមកទទួលបានតំណែងនេះ លោកធ្លាប់បានដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញជាច្រើនប្រភេទអាយុ និងចុងក្រោយបំផុតដឹកនាំក្រុមអាយុក្រោម ២១ឆ្នាំ។ លោក Fuente បានចាប់ផ្តើមដឹកនាំក្រុមអេស្ប៉ាញក្រោម ១៥ឆ្នាំនៅឆ្នាំ២០១៣ ដែលធ្លាប់បង្វឹកកីឡាករដូចជា Marco Asensio អ្នកចាំទី Unai Simon ខ្សែការពារ Eric Garcia, Pau Torres ខ្សែបម្រើ Barcelona បច្ចុប្បន្ន Pedri, Carlos Soler និង Dani Olmo ជាដើម។
រំលឹកថា អេស្ប៉ាញបានធ្លាក់ពី World Cup ត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្រោមស្នាដៃម៉ារ៉ុកដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ហើយលោក Luis Enrique ក៏សម្រេចាកចេញពីតំណែងក្រោយចូលកាន់តំណែងតាំងពីឆ្នាំ២០១៨៕
អត្ថបទ៖នាង សុភាវុធ