ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាន UPDIS របស់ប្រទេសចិន បន្តពិគ្រោះយោបល់ ពិនិត្យខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ ដំណាក់កាលទី២ នៃការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្ដព្រះសីហនុ ដើម្បីធានានូវផែនការមេ និងផែនការសកម្មភាពមានសង្គតិភាព ទៅ នឹងផែនការអភិវឌ្ឍថ្នាក់ជាតិ។
ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២២ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូ ជាមួយវិទ្យាស្ថាននគររូបនីយកម្ម និងឌីសាញសិនជិន (UPDIS) ដើម្បីពិនិត្យធ្វើបច្ចុប្បន្នភាព និងពិភាក្សាលើខ្លឹមសារសំខាន់ៗជាយុទ្ធសាស្រ្ត និងកំណត់ទិសដៅគោលនយោបាយអាទិភាព នៃសេចក្តីព្រាងរបាយការណ៍ផែនការមេ និងសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២ នៅក្នុងដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមរយៈការប្រែក្លាយខេត្តព្រះសីហនុជាប៉ូលនៃការអភិវឌ្ឍថ្មីមួយ និងជាទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើប ព្រមទាំងជាមជ្ឍមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងឡូជីស្ទីកដ៏រស់រវើក ក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ សម្រាប់ដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីអាចធានាបានថា ផែនការមេនិងផែនការសកម្មភាពមានសង្គតិភាពទៅនឹងផែនការអភិវឌ្ឍថ្នាក់ជាតិ មានប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព, កំណត់បញ្ហាប្រឈម និងអាទិភាពគោលនយោបាយ លើទិសដៅអភិវឌ្ឍន៍សំខាន់ៗ ជាពិសេស វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍, វិស័យហិរញ្ញវត្ថុ, ការកសាងហេរដ្ឋារចនាសម្ព័ន្ធគន្លឹះៗ និងការអភិវឌ្ឍធនធានមនុស្ស, និងសង្កត់ធ្ងន់លើការគ្រប់គ្រងការប្រើប្រាស់ដីធ្លី, ការរៀបចំក្របខណ្ឌស្ថាប័ន, និងយន្តការហិរញ្ញប្បទាន ដែលគាំទ្រ និងជំរុញការអនុវត្តផែនការមេនេះ ប្រកបដោយប្រសិទ្ធភាព ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម វង្សី វិស្សុត បានផ្តល់អនុសាសន៍ដល់ក្រុមការងារនៃវិទ្យាស្ថាន UPDIS ឲ្យធ្វើការគិតគូរបំពេញបន្ថែម លើចំណុចសំខាន់ៗមួយចំនួនដូចជា៖ ផែនការមេត្រូវដាក់ចេញនូវផែនការសកម្មភាពលម្អិតតាមដំណាក់កាល ដោយបញ្ជាក់ច្បាស់ពីប្រភេទឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធសាធារណៈសារវ័ន្តសម្រាប់ទីក្រុង ដែលត្រូវអភិវឌ្ឍន៍ក្នុងរយៈពេល០៥ឆ្នាំដំបូង និងឆ្នាំបន្តបន្ទាប់ទៀត, រៀបចំផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យឧស្សាហកម្មធុនស្រាល ដែលកំពុងដំណើរការនៅខេត្តព្រះសីហនុ, សិក្សានិងផ្តល់អនុសាសន៍សមស្រប និងទាន់ពេលវេលា លើការដោះស្រាយអាគារដែលមិនទាន់សាងសង់រួច ដើម្បីទាក់ទាញការវិនិយោគ បង្កើនចំណូលខេត្ត និងជួយជំរុញវិស័យសេដ្ឋកិច្ចសម្រាប់ខេត្តព្រះសីហនុទាំងមូល៕
អត្ថបទ៖ សុន រ៉ាឌី