ភ្នំពេញ៖ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅ និងការងាររដ្ឋបាលរបស់ការិយាល័យការពារនិងថែទាំ ក្រោមវត្តមាន ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា និង សិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ លើកទី២។
ឯកឧត្ដម នាយឧត្តមសេនីយ៍ សេង ផល្លី មានប្រសាសន៍ថា នេះគឺជាសមិទ្ធផលថ្មីមួយដែលនឹងលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង សំដៅលើកកម្ពស់កិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្តបន្ថែមទៀ តទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ព្រមទាំងលើកកម្ពស់គុណភាពអប់រំ និងសមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋ ក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្តិភាពសង្គម ប្រកបដោយប្រសិទ្ធភាព ក្រោមដំបូលនៃសន្តិភាព។
ឯកឧត្ដម បន្តថា ថវិកាសម្រាប់សាងសង់អគារនេះ បានពីការឧបត្ថម្ភរបស់ សិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១និងកម្រិត២ លើកទី២ ដើម្បីចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា ។
គួរបញ្ជាក់ថា បណ្ឌិត្យសភានគរបាលកម្ពុជា បានសិក្សាគម្រោងសាងសង់អគារថ្មីនេះ ទំហំ ៩ម៉ែត្រ គុណនឹង ១១ម៉ែត្រ ដែលមាន ២ជាន់ រួមមាន ជាន់ខាងក្រោមមានបន្ទប់ប្រជុំ បន្ទប់ការិយាល័យ បន្ទប់ហូបបាយ និងជាន់ខាងលើជាបន្ទប់ស្នាក់នៅ៕ អត្ថបទ៖ ចាន់ រស្មី