ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បណ្តាគណបក្ស និងអ្នកវិភាគនយោបាយ នៅថ្ងៃនេះ បានសំដែងការពេញចិត្តចំពោះ គ.ជ.ប។
មានប្រសាសន៍ប្រាប់ BTV នៅថ្ងៃទី១៣ខែធ្នូនេះ ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំដោយ គ.ជ.ប គឺធ្វើបានល្អ ស្របទៅច្បាប់ដែលបានកំណត់។
ឯកឧត្តម បន្តថា បច្ចុប្បន្នប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីតួនាទីភារៈកិច្ច និងកាតព្វកិច្ចរបស់ខ្លួនដែរ ចាំបាច់ត្រូវទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងដែរថា តាមការពិនិត្យរបស់គណបក្សយុវជនកម្ពុជា ដោយបានដាក់អ្នកសង្កេតការណ៍តាមមណ្ឌលចុះឈ្មោះបោះឆ្នោតមួយចំនួន ពិនិត្យឃើញថា មិនមានករណីរាំងស្ទុះណាមួយ ក្នុងដំណើរពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីនោះទេ ពោលគឺ គ.ជ.ប បានសហការជាមួយភាគីពាក់ព័ន្ធបានយ៉ាងរលូន។ ក្រៅពីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតឲ្យបានគ្រប់ៗ ដើម្បីជ្រើសរើសមេដឹកដែលខ្លួនពេញចិត្ត។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកវិភាគនយោបាយនៅកម្ពុជា ការសំដែងការពេញចិត្តនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំដោយ គ.ជ.បផងដែរ។ ក្រៅពីនេះ លោកបណ្ឌិត បានអំពាវនាវដល់ គណបក្សនយោបាយដែលត្រៀមប្រកួតប្រជែង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅពេលខាងមុខ គឺត្រូវគោរពគោលការណ៍រដ្ឋធម្មនុញ្ញ និងច្បាប់នានានៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវប្រកួតប្រជែងគ្នាដោយឈរលើគោលនយោបាយ កុំយកបញ្ហាបុគ្គល និងរឿងអសីលធម៌មកប្រកួតប្រជែង។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីលទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតថ្មី ដោយមានរយៈពេល៥០ថ្ងៃ ពោលចាប់ពីថ្ងៃទី២០ខែតុលា ដល់ថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ទៅចុះឈ្មោះថ្មីមានជិត ៦០ម៉ឺននាក់។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ អត្ថបទ៖ទូច សោភ័ណ