ព្រះសីហនុ៖ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៣ ខែធ្នូនេះ ថា ប្រតិភូសមាជិកក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក បានសាកសួរកម្ពុជា លើការគ្រប់គ្រង និងអភិវឌ្ឍន៍ ពាក់ព័ន្ធនឹងសំណង់អគារខ្ពស់ៗច្រើន ទីក្រុងបំពាក់ភ្លើងចំរុះពណ៌ អាងប្រព្រឹត្តកម្មបំលែងទឹកកខ្វក់ពីសំណង់អគារទៅជាទឹកស្អាតបង្ហូរទៅក្នុងទឹកសមុទ្រ និងទឹកបឹងនានា ។
នៅក្នុងចូលរួមមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ដែលធ្វើឡើងនៅខេត្តព្រះសីហនុ រយៈពេល១សប្តាហ៍នេះ បណ្តាវាគ្មិនអន្តរជាតិ បានធ្វើបទបង្ហាញលើប្រធានបទជាច្រើន ទាក់ទងនឹងការអភិវឌ្ឍឆ្នេរបណ្តាប្រទេសជាសមាជិក ហើយប្រតិភូសមាជិកក្លឹប២១ប្រទេស នឹងយករបៀបនៃការអភិវឌ្ឍឆ្នេរសមុទ្រនេះ ទៅអនុវត្ត ដើម្បីធានារក្សាបេក្ខភាពឆ្នេរសមុទ្រស្អាតបំផុតរបស់គេនៅក្នុងបញ្ជីសមាជិកក្លឹបសមុទ្រស្អាតបំផុតលើពិភពលោក ។ មានបណ្តាប្រទេសមានឆ្នេរស្អាតនានាទៀតបានសិក្សាអនុវត្តតាមកម្ពុជា ដើម្បីស្នើសុំចូលជាសមាជិកក្លឹបផងដែរ ដើម្បីជម្រុញកំណើនទេសចរអន្តរជាតិទៅទស្សនា។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ជាពិសេសឆ្នេរនៅខេត្តព្រះសីហនុនេះ គឺបានធ្វើឡើងនៅដំណាក់កាលកម្ពុជាជួបការលំបាកច្រើន ហើយកម្ពុជាគ្មានធនធានគ្រប់យ៉ាងដើម្បីអភិវឌ្ឍន៍ ក្រោយពីកម្ពុជាទើបសង្គ្រាមដែលទើបនឹងបញ្ចប់នៅឆ្នាំ១៩៩៨ ហើយការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ឆ្នេរសមុទ្រនេះ រហូតធ្វើឲ្យឆ្នេរសមុទ្រប្រវែងជាង ៤៤០គីឡូម៉ែតនៅខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប បានទទួលស្គាល់ប្រកាសចូលជាសមាជិកក្លឹបឆ្នេរសមុទ្របំផុតលើពិភពលោកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ ៕
អត្ថបទ ស៊ុម សុខជា