ភ្នំពេញ៖ កម្ពុជាបាននាំចេញទំនិញសរុបមានទឹកប្រាក់ប្រមាញ ២០,៤ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កើនឡើង១៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃចន្ទ បានបង្ហាញថា កម្ពុជាបាននាំចេញផលិតផលសរុបក្នុងទឹកប្រាក់ចំនួន ២០,៤ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ កើនឡើង ១៨ ភាគរយ ពី១៧,៣ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ បានបន្តថា ផលិតផលនាំចេញសំខាន់ រួមមានសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកង់ និងទំនិញកសិកម្មមួយចំនួនដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយ។
របាយការណ៍ បានបន្ថែមថា ទិសដៅនាំចេញធំៗទាំង៥ សម្រាប់កម្ពុជាក្នុងអំឡុងខែមករាដល់ខែវិច្ឆិកាគឺសហរដ្ឋអាមេរិក វៀតណាម ចិន អាល្លឺម៉ង់ និងជប៉ុន។
ជាមួយគ្នានេះ កម្ពុជា បាននាំចូលទំនិញសរុបចំនួន ២៧,៧ ពាន់លានដុល្លារ កើនឡើង ៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទំនិញនាំចូលសំខាន់ៗរួមមានប្រេង និងឧស្ម័ន វត្ថុធាតុដើមសម្រាប់សំលៀកបំពាក់ ស្បែកជើង យានជំនិះ គ្រឿងយន្ត គ្រឿងអេឡិចត្រូនិច និងផលិតផលប្រើប្រាស់ផ្សេងៗ។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍កាលពីពេលថ្មីៗនេះថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាចលកររួមចំណែកក្នុងការជំរុញការនាំចេញរបស់ប្រទេសកម្ពុជាកើនឡើង។
ឯកឧត្តម បញ្ជាក់ថា កំណើននៃការនាំចេញរបស់កម្ពុជា គឺជាសក្ខីភាពមួយចំពោះការចូលទៅកាន់ទីផ្សារកាន់តែធំនៃផលិតផល ទៅកាន់ប្រទេសសមាជិក RCEP ហើយកិច្ចព្រមព្រៀងនេះ នឹងផ្តល់ការជំរុញដល់កំណើនពាណិជ្ជកម្មរបស់កម្ពុជាក្នុងរយៈពេលវែង៕ អត្ថបទ៖ វណ្ណៈ
