បាល់ទាត់៖ ប្រធាន FIFA លោក Gianni Infantino បានរៀបចំការប្រកួតមិត្តភាពរវាងអតីតកីឡាករអន្តរជាតិ និងក្រុមការងារកម្មករដែលមានមូលដ្ឋាននៅប្រទេសកាតានៅកីឡដ្ឋាន Al Thumama ក្នុងទីក្រុង Doha កាលពីថ្ងៃចន្ទ។
លោក Gianni Infantino បានដើរចូលទីលានជាមួយនឹងឯកសណ្ឋានពណ៌លឿង ជាឯកសណ្ឋានអាជ្ញាកណ្តាល ដឹកនាំការប្រកួតមិត្តភាពកម្សាន្តសប្បាយនេះ។ ភ្លាមៗបន្ទាប់ពីការទាត់បាល់ Infantino បានផ្តល់កាតលឿងដល់អតីតកីឡាករបាល់ទាត់អ៊ីតាលី Alessandro Del Piero។ អតីតកីឡាករជម្រើសជាតិអូស្ត្រាលី Tim Cahill និយាយថា នេះជាថ្ងៃដ៏ល្អមួយ ដែលពួកយើងជាកីឡាករចាស់ៗមានឱកាសលេងបាល់កម្សាន្តសប្បាយបែបនេះ។
អតីតអ្នកចាំទីជម្រើសជាតិអូម៉ង់ Ali Al Habsi បាននិយាយថា "វាគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងសំខាន់សម្រាប់ពួកយើង ជាពិសេសនៅពេលដែលវិរៈបុរសបាល់ទាត់បានលេងបាល់ទាត់ជាមួយកម្មករ និងអ្នកស្ម័គ្រចិត្ត ក៏ដូចជាជាមួយមនុស្សដែលបានរួមចំណែកក្នុងការប្រកួត World Cup"។ កីឡាករមកពីជុំវិញពិភពលោក កីឡាករជើងចាស់នៃកីឡាមួយចំនួនបានចូលរួមនៅក្នុងការប្រកួត ដែលត្រូវបានប្រារព្ធឡើងដើម្បីឧទ្ទិសដល់កម្មកររាប់ពាន់នាក់ ដែលបាននៅពីក្រោយឆាកនៃព្រឹត្តិការណ៍កីឡាធំបំផុតលើលោកមួយនេះ។ កម្មករ អ្នកស្ម័គ្រចិត្ត និងអ្នកគាំទ្រត្រូវបានអញ្ជើញឱ្យទស្សនាការប្រកួតដែលមានរយៈពេល ៦០នាទី៕
អត្ថបទ៖នាង សុភាវុធ