អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញឱ្យក្រុមប្រទេសរីកលូតលាស់ទាំងប្រាំពីរ (G7) ជួយដល់រដ្ឋាភិបាលរបស់លោក ឲ្យទទួលបានឧស្ម័នធម្មជាតិបន្ថែមចំនួនពីរពាន់លានម៉ែត្រគូប និងផ្គត់ផ្គង់រថក្រោះទំនើប កងកាំភ្លើងធំ និងគ្រាប់ផ្លោង ព្រមទាំងអាវុធរយៈចម្ងាយឆ្ងាយ។
ថ្លែងតាមវីដេអូទៅកាន់សន្និសីទ G7 ដែលរៀបចំដោយប្រទេសអាល្លឺម៉ង់លោក Zelenskiy បានអំពាវនាវឱ្យប្រទេសរុស្ស៊ីបង្កើតជំហានសំខាន់ ឈានទៅរកដំណោះស្រាយផ្នែកការទូតចំពោះសង្គ្រាមនៅអ៊ុយក្រែន ហើយបានស្នើឲ្យទីក្រុងមូស្គូគួរតែដកកងទ័ពរបស់ខ្លួនចេញនៅត្រឹមថ្ងៃបុណ្យ Christmas។ លោកនិយាយថា ប្រសិនបើរុស្ស៊ីធ្វើប្រតិបត្តិការដកកងកម្លាំងរបស់ខ្លួនចេញពីអ៊ុយក្រែននោះ វានឹងធានាបាននូវការបញ្ចប់ជម្លោះដែលអាចទុកចិត្តបាន។ រុស្ស៊ីបានវាយលុកចូលអ៊ុយក្រែនក្នុងខែកុម្ភៈ ហើយការប្រយុទ្ធគ្នាកំពុងផ្ទុះឡើងនៅភាគខាងត្បូង និងខាងកើត ខណៈទីក្រុងមូស្គូក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបាញ់មីស៊ីលទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ ប្រធានា ធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយកាលពីថ្ងៃចន្ទម្សិលមិញថា រុស្ស៊ីមិនបានបោះបង់ចោលផែនការវាយប្រហារតាមអាកាសរបស់ខ្លួនលើអ៊ុយក្រែននោះទេ ហើយមើលឃើញការដាច់ចរន្តអគ្គិសនីជាក្តីសង្ឃឹមចុងក្រោយរបស់ខ្លួន។
យើងត្រូវតែដឹងថា រុស្ស៊ីមិនបានបោះបង់ចោលយុទ្ធសាស្ត្រភេរវកម្មនេះទេ។ គ្មានការវាយប្រហារដោយមីស៊ីលទ្រង់ ទ្រាយធំ មានន័យថាសត្រូវកំពុងត្រៀមខ្លួនវាយប្រហារជាថ្មី ហើយអាចនឹងមានការវាយប្រហារនៅពេលណាមួយក៏បាន។ រុស្ស៊ីនៅតែពឹងផ្អែកលើការផ្តាច់ចរន្តអគ្គិសនី ដែលនេះគឺជាក្តីសង្ឃឹមចុងក្រោយរបស់ភេរវករ។ នាយសេនាធិការរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា មីស៊ីល កាំភ្លើងធំ និងយានដ្រូនរបស់រុស្ស៊ីបានវាយប្រហារគោលដៅនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ខណៈបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក បានសន្យាពង្រឹងសមត្ថភាពយោធារបស់ទីក្រុង Kyiv ដោយផ្តោតលើការការពារដែនអាកាស៕
អត្ថបទ៖ ប៊ុនថន