ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះអនុស្សរណៈយោគយល់គ្នាជា មួយក្រុមហ៊ុន ដេហាន ខបភើរេសិន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការរៀបចំផែនការទុកដាក់សំណល់ តាមលំនៅឋាន នៅព្រះរាជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធភាពបំផុត និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដែលបង្ករឡើងដោយមនុស្ស។
ការចុះអនុស្សរណៈរវាងក្រសួងបរិស្ថាន និងក្រុមហ៊ុនកូរ៉េនេះ ត្រូវបានរៀបចំឡើងក្រោមលក្ខខណ្ឌ ពាក់ព័ន្ធសម្រាប់ការអនុវត្តគម្រោងទុកដាក់សំណល់តាមលំនៅឋានក្នុងប្រទេសកម្ពុជា ឲ្យមានប្រសិទ្ធភាព តាមរយៈការលើកកម្ពស់ការវិនិយោគលើសកម្មភាពកែច្នៃនៅកម្ពុជា ហើយបន្ទាប់ពីការចុះអនុស្សរណៈ ក្រុមហ៊ុននេះ នឹងផ្តល់នូវជំនួយបច្ចេកទេសជាច្រើនដល់ក្រសួង ដើម្បីធ្វើកិច្ចការលើបរិស្ថានផងដែរ។
ថ្លែងប្រាប់ទូរទស្សន៍ BTV បន្ទាប់ពីចុះអនុស្សរណៈ លោក ទុំប៉ែន វីរៈវិទូ ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា និងជាអ្នកសម្រប់សម្រួលការចុះអនុស្សរណៈរវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន បានឲ្យដឹងថា ការចុះអនុស្សរណៈនេះគឺក្រុមហ៊ុនមានឆន្ទះក្នុងការជួយដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការទុកដាក់ និងកែច្នៃសំណល់ ដែលគេបោះចោលឲ្យទៅជាផលប្រយោជន៍សេដ្ឋកិច្ចនៅកម្ពុជា។
លោកបន្តថា បន្ទាប់ពីកម្រោងនៃការចុះអនុស្សរណៈរួចក្រុមហ៊ុន និងក្រសួងបរិស្ថាននឹងធ្វើឲ្យ សំណល់ទាំងអស់ដែលគេបោះចោលក្លាយទៅជាចំណូលចូលរដ្ឋ និងបង្កើនការងារក្នុងស្រុកផងដែរ ខណៈសំណល់ទាំងនោះវានឹងមិនមានផលប៉ះពាល់ដល់បរិស្ថានបន្តទៀតនោះឡើយ។
ក្រុមហ៊ុនខាងលើនេះ ក៏មានគោលបំណង ដើម្បីអញ្ជើញសមាជិកនៃបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងមន្រ្តីបរិស្ថានចុះផ្សព្វផ្សាយ និងពន្យល់បន្ថែមស្តីពីការគ្រប់គ្រងសំណល់នៅកម្ពុជាផងដែរ ដើម្បីធ្វើយ់ាងណាឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយល់ដឹងកាន់តែច្បាស់បន្ថែមទៀត ចំពោះបញ្ហាសំណល់ និងសំរាមនោះ។
សូមបញ្ជាក់ផងដែរថា អនុស្សរណៈនេះ មានសុពលភាពក្នុងរយៈពេលពីរឆ្នាំគិតចាប់តាំងពីរការចុះ ហត្ថលេខានេះទៅ។ យ៉ាងណាក្តីអនុស្សរណៈនេះអាចពន្យាសុពលភាព ដោយភាគីទាំងពីរយល់ព្រមជាលាយលក្ខណ៍អក្សរក្នុងរយៈពេលមួយខែមុនពេលដែលអនុស្សរណៈយោគយល់នេះអស់សុពលភាព៕អត្ថបទ៖ បាន ចក់