សៀមរាប៖ សិស្សានុសិស្ស និងមន្ដ្រីអាជ្ញាធរជាតិអប្សរាជិត១ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ខែធ្នូនេះ បានធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីឱ្យសាធារណៈជនក៏ដូចជាប្រជាពលរដ្ឋខ្មែរ អ្នកទេសចរជាតិអន្ដរជាតិ ឱ្យមានការរំលឹកគុណដល់ប្រាសាទអង្គរ ព្រោះប្រាសាទអង្គរជាបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបស្សល់ទុកឱ្យកូនខ្មែរជាន់ក្រោយ។
ការដង្ហែក្បួននេះ ធ្វើឡើងចេញពីខាងមុខប្រាសាទអង្គរ ឆ្ពោះទៅកាន់ក្លោងទ្វារក្រុងអង្គរធំ ឬក្លោងទ្វារទន្លេអុំ ដោយមានកាន់នូវបដា ជាភាសារខ្មែរផង និងភាសាបរទេសផង ដែលរំលេចដោយអត្ថន័យដ៏ជ្រាលជ្រៅរបស់ប្រាសាទអង្គរ ដូចជា អង្គរជាដួងប្រលឹង និងជាអត្ដសញ្ញាណជាតិ អបអរសាទរពិធីបុណ្យរំលឹកគុណអង្គរ វប្បធម៌ជាមូលដ្ឋានគ្រិះនៃសន្ដិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាដើម ។
ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ព្យុះហយាត្រាដែលមានមនុស្សរួមជិតមួយពាន់នេះធ្វើឡើងជាលើកទី១ នៃពិធីបុណ្យរំលឹកគុណអង្គរ ហើយជាសារមួយបង្ហាញថា កូនខ្មែរគ្រប់រូបបានតបស្នងសងគុណដល់បុព្វបុរសក៏ដូចជាអតីតព្រះមហាក្សត្រខ្មែរដែលបានកសាងប្រាសាទអង្គរទុកឱ្យកូនខ្មែរជំនាន់ ក្រោយបានស្គាល់។ប្រាសាទអង្គរជាបេតិកភណ្ឌរស់រវើកដែលមិនអាចកាត់ថ្លៃបាន។
សូមជម្រាបថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២ និងជាឆ្នាំទីពីរហើយ ដែលរៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕អត្ថបទ៖ ឈិត សាវី