ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក បានផ្សព្វផ្សាយឱ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀប ចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ចូលរួមប្រជុំពិភាក្សាការងារលើការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ជាមួយរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។
ស.ស.យ.ក.គ្រោងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាប្រាព្ធខួបទី១០ របស់អង្គរសង្ក្រាន្ត ក្រោមប្រធានបទ«ក្តីស្រមៃ និងក្តីសង្ឃឹ ម» ដែលនាំយកសម្បត្តិវប្បធម៌ ទំនៀមទំលាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកសម្តែងនៅទឹកដីដ៏ពិសិ ដ្ឋនៃតំបន់ឧទ្យានអង្គរ។ ទន្ទឹមនឹងនោះ អង្គរសង្រ្កាន្ត ២០២៣ ក៏គ្រោងនឹងនាំយកកម្មវិធីរំលឹកអនុស្សាវរីយ៍សំខាន់ៗជាច្រើន រំលេចឡើងនូវខួប ១០ ឆ្នាំរបស់ខ្លួនផងដែរ។
ក្នុងនាមប្រជាពលរដ្ឋ ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានបង្ហាញនូវក្តីសោមន ស្សរីករាយដែលព្រឹត្តិការណ៍អង្គរសង្រា្កន្តនឹងរៀបចំនៅឆ្នាំក្រោយនេះ។ ឯកឧត្តមសូមស្វាគមន៍ និងរង់ចាំចូលរួមផ្តល់កិច្ចសហការ និងសម្របសម្រួលដើម្បីឱ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះប្រព្រឹត្តទៅដោយជោគជ័យ។ ឯកឧត្តមបន្ថែមថា ព្រឹត្តិការណ៍នេះនឹងផ្តល់ជាឱកាសចូលរួមដ៏អធិកអធម និងសប្បាយរី ករាយ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និងជួយទាក់ទាញទេសចរទាំងជាតិ និងអន្តរជាតិ។
កាលពីពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសជាសាធារណៈថា នឹងមានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ស.ស.យ.ក. ក្នុងនាមជាម្ចាស់គម្រោងបាន និងកំពុងត្រៀមលក្ខណៈធ្វើយ៉ាងណា ដើម្បីឱ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ក្លាយជាព្រឹត្តិការណ៍ដែលផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ៕
ដោយ៖ គង់ ឌិន






