
ភ្នំពេញ៖ រមណីយដ្ឋានអង្គរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ។
បន្ទាប់ពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុង តូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពនានាជាប្រយោជន៍ដល់ កិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា ICC Angkor ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣។
ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី ២ ដែលចំណាយពេលសាង់សង់ប្រមាណ ៣៧ ឆ្នាំ ។ ពីប្រាសាទនៃសាសនាហិណ្ឌូ បច្ចុប្បន្ន អង្គរវត្តបានប្រែក្លាយជាបូជនីយដ្ឋានដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិកម្ពុជា ហើយក៏ជារមណីយដ្ឋានទេសចរណ៍ដ៏ឯកលំដាប់ពិភពលោក ដែលទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តជាច្រើនលាននាក់ជារៀងរាល់ឆ្នាំ៕



