ភ្នំពេញ៖ កម្ពុជា ត្រូវបានគណៈប្រតិបត្តិ និងសមាជិកទាំងអស់ នៃក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក បានបោះឆ្នោតគាំទ្រកម្ពុជាបន្តជាសមាជិកក្រុមប្រឹក្សាភិបាលក្លឹប ជាពិសេសការជ្រើសតាំងកម្ពុជាជាអគ្គលេខាធិការក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក សម្រាប់អាណត្តិ ២០២៣-២០២៥ ក្រោមការដឹកនាំរបស់ឯកឧត្តម Louis THEBAULT។
ក្នុងពិធីបិទមហាសន្និបាតលើកទី១៦ របស់ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នាល្ងាចថ្ងៃទី១៣ ខែធ្នូ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ ថ្លែងថា ការចូលជាសមាជិកក្លឹបនេះ ពិតជាជំរុញឱ្យមានរបត់ថ្មីនៃការប្រែប្រួលមុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជាទាំងលើទិដ្ឋភាព
សង្គម សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់ លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា។
ក្នុងពិធីនោះដែរ ឯកឧត្ដម ក៏បានអំពាវនាវឱ្យអាជ្ញាធរគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងអភិរក្សធនធានសមុទ្រ និងថែរក្សាឆ្នេរសមុទ្រឱ្យបានស្អាត ខិតខំប្រឹងប្រែងដោះស្រាយប ញ្ហាប្រឈមនានានៅតាមតំបន់ឆ្នេរ ដោយជំរុញឱ្យមានការដោះប្តូរ និងចែករំលែកបទពិសោធន៍ទៅវិញទៅមករវាងសមាជិកក្លឹប។
ឯកឧត្ដម ជា សុផារ៉ា ក៏បានអបអរសាទរ លទ្ធផលនៃមហាសនិ្នបាត ដែលបានអនុម័តដាក់ចេញធម្មនុញ្ញឆ្នេរដែលនឹងក្លាយជាឯកសារគោលដ៏សំខាន់សម្រាប់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានា ក្នុងការធានាការអភិវឌ្ឍឆ្នេរសមុទ្ររបស់ខ្លួនប្រកប ដោយនិរន្តរភាព និងការទទួលខុសត្រូវ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា ក្នុងអង្គមហាសន្និបាតក្លិបឆ្នេរស្អាតបំផុតលើសកលលោកនេះ បានសម្រេចបញ្ចូលឆ្នេរសមាជិកថ្មីចំនួន ៤ រួមមាន៖ ឆ្នេរ Triplet Bays of Pujada, Balite and Mayo របស់ប្រទេសហ្វីលីពីន, ឆ្នេរ Long Hai របស់ប្រទេសវៀតណាម, ឆ្នេរ La Ciotat របស់ប្រទេសបារាំង និងឆ្នេរ Les Sables d’Olonne របស់ប្រទេសបារាំងផងដែរ។
អង្គសន្និបាត ក៏បានធ្វើពិធីប្រគល់ទង់ក្លឹបទៅឲ្យឆ្នេរ Yeosu ប្រទេសកូរ៉េខាងត្បូង សម្រាប់ការធ្វើម្ចាស់ផ្ទះមហាសន្និបាតលើកទី១៧ ឆ្នាំ២០២៣ បន្ត៕ អត្ថបទ៖ ស៊ុម សុខជា