ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានយុវជន និងគ្រឹះ ស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលយុវជន EU-ASEAN លើកទី១ (EU-ASEAN Youth Summit) នៅទីក្រុង Brussel, ប្រទេស Belgium។ កិច្ចប្រជុំនេះត្រូវបានរៀបចំជាព្រឹត្តិ ការណ៍អមនៃកិច្ចប្រជុំកំពូលខួបលើកទី៤៥ នៃកិច្ចសហប្រតិបត្តិការ ASEAN-EU។
នៅក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែង រំលឹកពីតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ "ASEAN A.C.T. : Addressing Challenges Together” ហើយបានអនុម័តលើសេចក្តីថ្លែងការណ៍នៃ Year of ASEAN Youth 2022 ដែលបានទទួលស្គាល់ថា យុវជនជា«សម្បត្តិនៃប្រជាជាតិ» ជាអនាគតអ្នកដឹកនាំ ដើម្បីវឌ្ឍនភាពប្រកបដោយភាពវិជ្ជមាន។ លោកជំទាវរដ្ឋលេខាធិ ការ បានសង្កត់ធ្ងន់លើ ៣ ចំណុចនៃសេចក្តីថ្លែងការណ៍ រួមមាន៖
១.បរិវត្តកម្មនៃការអប់រំ ដើម្បីកសាងសមត្ថភាពយុវជនជាមួយបំណិនសតវត្សរ៍ទី២១ បច្ចេកវិទ្យាឌីជីថល នវានុវត្តន៍សម្រាប់ទីផ្សារការងារអនាគត។
២.ការយកចិត្តទុកដាក់លើសុខុមាលភាពសេដ្ឋកិច្ចសង្គម និងចិត្តសាស្ត្រ សុខភាពផ្លូវចិត្ត និងសុខភាពបន្តពូជ ភាពជាអ្នកស្ម័គ្រចិត្ត និងការងារសង្គម។
៣.ការរៀបចំកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងរវាងយុវជន ដោយផ្តោតលើគោលការណ៍សមភាព ស្មើភាព និ ងអព្យាក្រឹត្យភាព ដោយគ្មានការរើសអើង៕
ដោយ៖ គង់ ឌិន






