សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត បានចាបផ្ដើមធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។
ព្រឹត្តិការណ៍រំលឹកគុណអង្គរ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ ២០២២។ នេះគឺជាលើកទី២ហើយដែលអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹតិ្តការណ៍រំលឹកគុណអង្គរនេះ ដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។ ព្រមទាំង ដើម្បីជាការអបអរខួប៣០ឆ្នាំ នៃតំបន់រមណីយដ្ឋានអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
នៅព្រេកនេះក៏មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ។ តាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃបន្តបន្ទាប់ក៏មាននូវទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល៣០ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លងដោយលោក ព្រហ្ម ម៉ាញ ព្រមទាំងការចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម។ រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាពទាំងអស់នឹងបើកជាសាធារណៈចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ៕













