អាស៊ានប៉ារ៉ាហ្គេម៖ សម្រាប់ការត្រៀមលក្ខណៈទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក៏មិនខុសពីការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែរដោយកំពុងដំណើរការរៀបចំ និងត្រៀមបានយ៉ាងល្អប្រសើរដូចគ្នា ដើម្បីស្វាគមន៍ប្រតិភូ និងអត្តពលិកទាំងអស់មកប្រកួតនៅកម្ពុជានាឆ្នាំក្រោយ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ (CAMSOC/CAMAPGOC) បន្ទាប់ពីកោះប្រជុំជាមួយគ្រប់គណៈកម្មការជំនាញ និងសហព័ន្ធកីឡាជនពិការកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា កិច្ចប្រជុំនេះដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការជំនាញ ជាមួយសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) នាពចុងសប្ដាហ៍នេះ។ ដូចឃើញហើយថា សកម្មភាពរបស់ CAMSOC និង CAMAPGOC ដែលជាគណៈកម្មាធិការជាតិទទួលខុសត្រូវរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការងារមមាញឹក ហើយជាមួយការមមាញឹកនេះគឺត្រូវមានកម្មវិធីការងារកាន់តែច្បាស់លាស់ពីមួយជំហានទៅមួយជំហាន ហើយការងារទាំងអស់នោះត្រូវធ្វើទន្ទឹមគ្នា ដោយមិនទុកចោលផ្នែកណាមួយនោះទេ គណៈកម្មការជំនាញទាំងអស់ត្រូវការរួមគ្នាទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឱ្យបានល្អប្រសើរបំផុត។
សូមបញ្ជាក់ថា កិច្ចប្រជុំរវាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម និងសហព័ន្ធកីឡាជនពិការអាស៊ានគ្រោងនឹងធ្វើឡើងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូនេះនៅរាជធានីភ្នំពេញ ក្រោយទទួលគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ រួចមក៕
អត្ថបទ៖ លី ឈុនឡា