សូហ្វតិន្នីស៖ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានធ្វើការរុះរើសក្បាលម៉ាស៊ីនសហព័ន្ធថ្មីទៀតហើយ ដោយសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធបានបោះឆ្នោតគាំទ្រឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ធ្វើជាប្រធានសហព័ន្ធថ្មី គ្រាដែលប្រធានសហព័ន្ធមុន ឯកឧត្តម ប្រាក់ ផល្លា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ត្រូវបានតែងតាំងជាប្រធានកិត្តិយសសហព័ន្ធ។
ការបោះឆ្នោត និងរៀបចំរចនាសម្ព័ន្ធដឹកនាំថ្មីនេះ ធ្វើឡើងក្នុងអង្គមហាសន្និបាតវិសាមញ្ញសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បូកសរុបសកម្មភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ និងកែសម្រួលសមាសភាពគណៈកម្មាធិការប្រតិបត្តិ អាណត្តិទី៣ ឆ្នាំ២០២២-២០២៦ ដែលរៀបចំនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃទី១៣ ខែធ្នូម្សិលមិញ ហើយក៏មានការចូលរួមជាសាក្សីពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។ ប្រធានថ្មីមានប្រសាសន៍ថា បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធមុនៗអស់ជាច្រើនឆ្នាំកន្លងមក ឆ្នាំ២០២៣ ខាងមុខនេះគឺជាពេលវេលាកំណត់ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងការប្រកួតអន្ដរជាតិនានា។
ដូចនេះសហព័ន្ធបានត្រៀមរៀបចំនូវទិសដៅអនុវត្តផែនការ សកម្មភាពការងារ និងបង្កើនការយកចិត្តទុកដាក់ដល់ក្រុមជម្រើសជាតិ ក្នុងការប្រមូលផ្តុំហាត់ហ្វឹកហ្វឺនត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ធំៗឲ្យបានច្រើនតាមអាចធ្វើទៅបានក្នុងបំណងបង្កើននូវសមត្ថភាពបច្ចេកទេស ក៏ដូចជាការដណ្តើមមេដាយជូនជាតិមាតុភូមិ។ លោកបង្ហើបថា ចំពោះមុខ មុនឈានដល់ស៊ីហ្គេមឆ្នាំ២០២៣ សហព័ន្ធនឹងរៀបចំការប្រកួតសូហ្វតិន្នីសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ឆ្នាំ២០២៣ ដែលគ្រោងរៀបចំរយៈពេល ៧ថ្ងៃនៅពហុកីឡដ្ឋានជាតិដោយមានប្រទេសចូលរួមដូចជា ថៃ ឡាវ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម។
ដូច្នេះនេះគឺជាការងារមួយដ៏សំខាន់ សម្រាប់សហព័ន្ធត្រៀមខ្លួនទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ទាំងធនធានមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងកីឡាករ-កីឡាការិនីផងដែរ។ ក្រឡេកមកសមាសភាពថ្នាក់ដឹកនាំ និងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិទី៣ គឺមានចំនួន ២៩រូបដោយមានឯកឧត្តម សរ សិទ្ធិ ប្រធាន និងលោក តុង សុផល ជាអនុប្រធានទី១ ព្រមទាំងអនុប្រធានសហព័ន្ធ ៣រូបទៀត។ ចំណែកលោក យិត ភីរៈ ជាអគ្គលេខាធិការ រួមជាមួយអគ្គលេខាធិការរង ៤រូប។ លោក អ៊ាន សុភ័ក្ដ្រ ជាអគ្គហេរញ្ញិក និងអគ្គហេរញ្ញិករង ៤រូប ព្រមទាំងសមាជិក ១៤រូបផងដែរ៕
អត្ថបទ៖ លី ឈុនឡា