វាយកូនបាល់៖ អតីតកីឡាករវាយកូនបាល់លេខ១ ពិភពលោក Roger Federer បានបញ្ជាក់ថា នឹងចូលរួមការប្រកួតព្រឹត្តិការណ៍ Grand Slam, French Open ឆ្នាំនេះ។ កីឡាករវ័យ ៣៩ឆ្នាំរូបនេះនឹងវិលចូលប្រកួតវិញ បន្ទាប់ពីការសម្រាកក្រោយវះកាត់របួសជង្គង់ពីរលើក និងបានចូលរួមការប្រកួត Grand Slam ណាមួយឡើយតាំងពីខែមករាឆ្នាំ២០២០។
ជើងឯក Grand Slam ២០សម័យរូបនេះបានវិលមកចូលរួមការប្រកួត Qatar Open កាលពីខែមុនបន្ទាប់ពីអវត្តមាន ១៤ខែ។ កាលពីថ្ងៃអាទិត្យ Federer ថា នឹងចូលរួមការប្រកួតទីលានដីក្រហមនៅទីក្រុងហ្សឺណែវប្រទេសស្វីសខែក្រោយ មុនចូលរួមការប្រកួត French Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែឧសភា។ Federer ដែលធ្លាប់ឈ្នះជើងឯក Grand Slam, French Open នេះម្តងតាំងពីឆ្នាំ២០០៩ បានយកឈ្នះកីឡាករអង់គ្លេស Dan Evans ក្នុងការវិលត្រលប់កាលពីខែមុននៅទីក្រុង Doha ប្រទេសកាតា តែក្រោយមកចាញ់ Nikoloz Basilashvili នៅជុំទី២។ រំលឹកថា Roger Federer ធ្លាប់បោះបង់មិនចូលរួមការប្រកួត French Open ៣ឆ្នាំជាប់គ្នាពីឆ្នាំ២០១៦ និងវិលមកប្រកួតវិញនៅឆ្នាំ២០១៩ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
អត្ថបទ៖នាង សុភាវុធ