អាមេរិក៖ ព្យុះដ៏មានឥទ្ធិពលមួយបានបង្កឲ្យមានព្យុះកំបុតត្បូង នៅក្នុងភាគខាងត្បូងសហរដ្ឋអាមេរិក និងបាននាំឲ្យមានព្រិលធ្លាក់ និងអាកាសធាតុអាប់អួធ្ងន់ធ្ងរផ្សេងទៀតនៅទូទាំងសហរដ្ឋអាមេរិក និងតំបន់មួយចំនួនក្នុងប្រទេសកាណាដា។

ព្យុះនេះក៏បានបង្កឲ្យមានមនុស្សមួយចំនួនរងរបួសផងដែរនៅក្នុងរដ្ឋ Texas និងខូចខាតអគារមួយចំនួន។ យោងតាមក្រុមហ៊ុន FlightAware.com ជើងហោះហើរប្រមាណ ៩ពាន់ត្រូវបានពន្យារពេលកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ខណៈព្យុះនេះបានបោកបក់ពេញសហរដ្ឋអាមេរិក អាកាសធាតុអាប់អួនេះក៏បានបង្ខំឲ្យបិទផ្លូវមួយចំនួននៅក្នុងបណ្ដារដ្ឋភាគខាងលិចមួយចំនួនផងដែរ ដែលគេរំពឹងថានឹងមានព្រិលធ្លាក់កម្រាស់ ៦០សង់ទីម៉ែត្រ។ ក្រុមអ្នកជំនាញនិយាយថា ព្យុះនេះអាចប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតាមរដ្ឋនីមួយៗ នៅក្បែរនោះក្នុងសហរដ្ឋអាមេរិក។

លោក Rich Otto អ្នកឧតុនិយមនៅមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុបាននិយាយថា នេះជាប្រព័ន្ធព្យុះមានឥទ្ធិពលមធ្យម។ ព្យុះនេះមានទំហំតូចជាងព្យុះរដូវរងាកម្រិតមធ្យម។ មនុស្សជាង ២០លាននាក់ត្រូវដាក់ឲ្យស្ថិតនៅក្រោមការណែនាំប្រុងប្រយ័ត្នពីអាកាសធាតុ ក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ។ រដ្ឋទាំងនោះត្រូវគេរំពឹងថា នឹងមើលឃើញខ្យល់កម្លាំងជាង ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង និងមានព្រិលធ្លាក់ខ្លាំង៕
អត្ថបទ៖ សុខមាន