បាល់ទាត់៖ ម៉ារ៉ុកនឹងគ្មានគម្រោងការអ្វីពិសេសទេក្នុងការតាមបិទខ្សែប្រយុទ្ធ PSG, Kylian Mbappe មុនជួបគ្នាយប់នេះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នេះជាសំដីរបស់គ្រូបង្វឹកក្រុមជម្រើសជាតិម៉ារ៉ុក Walid Regragui។ Kylian Mbappe គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ World Cup ឆ្នាំនេះមានសរុប ៥គ្រាប់។

និយាយក្នុងសន្និសីទសារព័ត៌មានមុនជួបគ្នាយប់នេះគ្រូបង្វឹកម៉ារ៉ុក Walid Regragui ឱ្យដឹងថា លោកគ្មានគម្រោងការពិសេសដើម្បីតាមចាប់ Mbappe តែម្នាក់នោះទេ បារាំងមានកីឡាករដែលបង្កគ្រោះថ្នាក់ច្រើនជាពិសេស Antoine Griezmann ក៏ដូចជា Ousmane Dembele ដែលសុទ្ធតែជាអ្នកបង្កើតឱ្យ Mbappe មានគ្រាប់បាល់។ លោកបន្តថា បើសិនជាត្រូវផ្តោតលើ Mbappe តែម្នាក់ពួកយើងនឹងមានកំហុស ពួកគេជាក្រុមការពារជើងឯក កីឡាករជើងឯកដែលបានមកជាក្រុម ដូច្នេះអ្វីដែលត្រូវផ្តោតគឺក្រុមទាំងមូលមិនមែនម្នាក់។
យប់នេះ Mbappe នឹងត្រូវប្រឈមជាមួយមិត្តរួមក្រុម PSG ខ្សែការពារស្លាបស្តាំម៉ារ៉ុក Achraf Hakimi ជុំវិញរឿងនេះគ្រូបង្វឹកម៉ារ៉ុកនិយាយថា Hakimi ស្គាល់ Mbappe ច្រើនជាង ដូច្នេះលោកគិតថា Hakimi នឹងមានវិធីផ្ទាល់ខ្លួនរួចហើយ។ សូមបញ្ជាក់ថា ម៉ារ៉ុកបានឡើងមកកាន់វគ្គនេះក្រោយយកឈ្នះអេស្ប៉ាញនៅវគ្គ ១៦ក្រុម និងយកឈ្នះព័រទុយហ្កាល់នៅវគ្គ ៨ក្រុមក្លាយជាប្រទេសអាហ្វ្រិក រឺប្រទេសអារ៉ាប់ទី១ ដែលឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ៕
អត្ថបទ៖នាង សុភាវុធ